ទីក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងអាមេរិក និងរុស្ស៊ីចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងហើយ។ អាមេរិកចាប់ផ្ដើមដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សនៅតាមប្រជុំកោះនានានៃរដ្ឋអាឡាស់ស្កាដែលនៅកៀកនឹងព្រំដែនរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការដ្ឋានយោធាអាមេរិកដែលចាត់ទុកថាជាការត្រៀមទប់ទល់នឹងការគំរាមកំហែងដែនសមុទ្រចំពោះមាតុភូមិរបស់ខ្លួន។
ទោះបីកំពុងជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែនយ៉ាងណាក្ដី រុស្ស៊ីមិនផ្ដោតសំខាន់តែទៅលើសង្គ្រាមនេះមួយមុខនោះទេ។ រុស្ស៊ីនៅតែឆ្លៀតបើកប្រតិបត្តិការសឹកនៅតំបន់ចុងបូព៌ាដែលទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិច។ កាលពីឆ្នាំ២០២៣ រុស្ស៊ីបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធយោធាជាមួយយោធាចិនក្បែរកោះអាលូធាន (Aleutian) នៃដែនសមុទ្ររដ្ឋអាឡាស់ស្កា។
ក្នុងនាមជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ឬអាចនិយាយថាជាកំពែងជួរមុខក្នុងការការពារជាតិអាមេរិក រដ្ឋអាឡាស់ស្កានៅប៉ែកខាងច្រកសមុទ្របឺរីង (Bering Strait) ទល់មុខនឹងតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ីតែងតែរៀបចំការធ្វើសមយុទ្ធយោធា ឬការបើកវគ្គបណ្ដុះបណ្ដាលយោធាជាទៀងទាត់ដើម្បីធានាថាកងទ័ពអាមេរិកត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតទល់ និងវាយបកទៅបច្ចាមិត្ត។
ការដាក់ពង្រាយកម្លាំងយោធា និងយន្តហោះចម្បាំងរបស់អាមេរិកទៅកៀកនឹងព្រំប្រទល់ប្រទេសរុស្ស៊ីលើកនេះកើតឡើងចំពេលដែលប្រទេសទាំង២ចាប់ផ្ដើមមានទំនាក់ទំនងល្អក់កករនឹងគ្នាជាបណ្ដើរៗដោយសាររដ្ឋបាលរបស់លោកត្រាំប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនរបស់រុស្ស៊ី។ ទោះបីអាមេរិកមិនទាន់ប្រកាសជាចំហថាខ្លួននឹងផ្ដល់មីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីនិយាយទុកជាមុនថាបើសិនអាមេរិកហ៊ានធ្វើដូច្នេះ ខ្លួននឹងចាត់វិធានការវាយបកវិញ។
យន្តហោះទម្លាក់គ្រាប់បែកខ្នាតធំម៉ាកប៊ីវាន់ប៊ី (B-1B) ដែលអាមេរិកបញ្ជូនទៅឈរជើងនៅអាឡាស់ស្កានោះអាចផ្ទុកចំណុះបានច្រើនជាងយន្តហោះចម្បាំងណាៗទាំងអស់។ ពោលគឺវាអាចដឹកគ្រាប់បែក និងគ្រាប់មីស៊ីលសរុប៧៥០០០ផោន (៣៤តោន) សម្រាប់ទម្លាក់ ឬបាញ់ពីលើអាកាស។ វាអាចបំពាក់មីស៊ីលប្រឆាំងនាវាដែលអាចបាញ់បានចម្ងាយលើសពី២៣០ម៉ាយ (៥១៥គីឡូម៉ែត្រ)។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ