រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ យន្តហោះពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រណាចក្រកម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥ ។
អញ្ជើញអមដំណើរ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ានការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងសកលលោក ។
អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម៕




 
                        
			         
				
ចែករំលែកព័តមាននេះ