ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់ជលយានយន្តគ្រប់ប្រភេទ ត្រូវបានទទួលការអប់រំណែនាំ ដោយផ្ទាល់ពីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងជារៀងរាល់ថ្ងៃ ចាប់តាំងពីទទួលការណែនាំពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

លោក ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេប អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញ ដឹកនាំតម្រង់ទិសផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំដល់ម្ចាស់ជលយានយន្ត ដែលធ្វើចរាចរណ៍ផ្លូវទឹក នៅភូមិកណ្ដាល ភូមិចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ទៅរៀងរាល់ថ្ងៃ ។

ជាក់ស្ដែង ត្រឹមសប្តាហ៍ទី៣ ក្នុងខែតុលា ឆ្នាំ២០២៥ នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចុះអប់រំណែនាំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទបានចំនួន៥១ គ្រឿង ។ ដោយឡែក នៅថ្ងៃម្សិលមិញនេះ គឺថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២៥ បានណែនាំអប់រំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទបានចំនួន១២គ្រឿងនៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

ចំពោះខ្លឹមសារអប់រំណែនាំ គឺមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង, ហាមក្មេងមិនទាន់គ្រប់អាយុ១៥ឆ្នាំបើកបរ,មិនត្រូវបើកបរជលយានយន្តល្បឿនលឿនហួសកំណត់ក្នុងទីប្រជុំជន ,ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹក ត្រូវបើកបរប្រកាន់ស្ដាំជានិច្ច, គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វា ភ្លើងបំភ្លឺនៅពេលយប់, មិនត្រូវដាក់សម្ភារ ឬទំនិញផ្សេងៗនិងមនុស្សលើសចំណុះឡើយ ។

មុនពេលធ្វើដំណើរម្ចាស់កាណូត ឬជលយានយន្តគ្រប់ប្រភេទ ត្រូវមានឧបករណ៍សង្គ្រោះដូចជាអាវពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គិភ័យ និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពជានិច្ចរាល់ពេលធ្វើដំណើរតាមផ្លូវទឹក ។





ចែករំលែកព័តមាននេះ