រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺសម្តែងការហួសចិត្តចំពោះសារព័ត៌មានថៃ បានផ្សព្វផ្សាយព័ត៌មានភូតភរកុហក និងបំភ្លៃ ការពិតពីការបណ្តេញអ្នកសារព័ត៌មានពីកិច្ចប្រជុំIPU ។
សេចក្តីបំភ្លឺនៅថ្ងៃទី២៣ តុលា ឆ្នាំ២ឥ២៥ បានលើកឡើងថា គណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) បានសង្កេតឃើញដោយហួសចិត្តយ៉ាងខ្លាំង ដោយបណ្តាញផ្សព្វផ្សាយព័ត៌មាន The Nation នៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥ នេះ បានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននូវព័ត៌មានភូតភរកុហក និងបំភ្លៃការពិត ។ ការមិនយកចិត្តទុកដាក់ និងព្រងើយកន្តើយចំពោះការពិតបែបនេះ មានគោលបំណងធ្វើឱ្យ ខូចខាតយ៉ាងអយុត្តិធម៌ដល់កេរ្តិ៍ឈ្មោះ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាព។
លើសពីនេះ ទង្វើអសីលធម៌បែបនេះ បង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ។ ក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG), កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវ តាមការព្រមព្រៀងជាឯកច្ឆន្ទពីក្រុមAPG ជាសមាសភាពនៅក្នុងគណៈកម្មាធិការ តាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមជាមួយតំណាងម្នាក់ទៀតមកពីតំបន់ ។
កម្ពុជាមិនដែលព្យាយាមដកចេញ មិនអើពើ ឬរើសអើងគណៈប្រតិភូណាមួយឡើយ-មិនថា មុន ក្នុងអំឡុងពេល ឬ ក្រោយពេលដែលកម្ពុជាបានទទួលការតែងតាំងនោះទេ ។ សមាសភាពនៃគណៈកម្មាធិការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត រួមទាំងប្រធាន និង អ្នករាយការណ៍ ត្រូវបានកំណត់តាមរយៈកិច្ចពិគ្រោះយោបល់រួម រវាងក្រុមភូមិសាស្ត្រនយោបាយទាំងប្រាំមួយ ក្រោមការត្រួតពិនិត្យរបស់ប្រធាន និងលេខាធិការដ្ឋានសហភាពអន្តរសភា (IPU)។
គោលបំណងរបស់កម្ពុជានៅក្នុងគណៈកម្មាធិការតាក់តែង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការព្រមព្រៀងជាឯកច្ឆន្ទ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ដោយគ្មានលើកលែង។ គណៈប្រតិភូកម្ពុជាបានចូលរួម ចំណែកដោយក្តីស្ថាបនា ដើម្បីធានាថាសេចក្តីព្រាងសេចក្តីសម្រេចចិត្តចុងក្រោយនឹង៖ ឆ្លុះបញ្ចាំងពីលក្ខណៈនៃឧក្រិដ្ឋកម្មឆ្លងដែន,លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាជាងការស្តីបន្ទោស ឬការចង្អុលមុខ និងលើកកម្ពស់គោលការណ៍ពហុភាគីនិយម និងការជួយគ្នាទៅវិញទៅមក ដោយស្របទៅតាមស្មារតីអាស៊ាន និងគុណតម្លៃរបស់IPU។
កិច្ចសហការរបស់កម្ពុជាជាមួយដៃគូទាំងអស់ រួមទាំងចិន ថៃ និងប្រទេសសមាជិកគណៈ កម្មាធិការដទៃទៀត គឺផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីបង្កើតបាននូវ សេចក្តីសម្រេចចិត្តមួយដែលប្រកបដោយតុល្យភាព និងប្រសិទ្ធភាព។ ជាមួយនឹងការចូលរួម ប្រកបដោយក្តីស្ថាបនា និងសកម្មនៅក្នុងដំណើរការរៀបចំតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត គណៈប្រតិភូកម្ពុជាបង្ហាញនូវមោទនភាពយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចចិត្តថ្មីដែលបាន អនុម័តដោយអង្គមហាសន្និបាតនៅថ្ងៃនេះ ដែលជាសមិទ្ធិផលកើតចេញពីបញ្ញាញាណសមូហភាព កិច្ចសហប្រតិបត្តិការ និងការលះបង់រួមគ្នារបស់រដ្ឋសមាជិកទាំងអស់ដែលតំណាងនៅក្នុងគណៈ កម្មាធិការតាក់តែង។ ការអះអាងដែលថា គណៈប្រតិភូថៃត្រូវបាន «ទម្លាក់» ទៅតួនាទីជាទីប្រឹក្សា គឺជាការលើក ឡើងមិនត្រឹមត្រូវ និងបង្ករការភាន់ច្រឡំ ។
យោងតាមការអនុវត្តរបស់IPU គណៈប្រតិភូម្ចាស់សំណើ សេចក្តីសម្រេចចិត្ត តែងតែត្រូវបានអញ្ជើញឱ្យចូលរួមចំណែកក្នុងដំណើរការតាក់តែងខ្លឹមសារ ប៉ុន្តែតួនាទីបោះឆ្នោតផ្លូវការរបស់ខ្លួននៅក្នុងគណៈកម្មាធិការតាក់តែង គឺអាស្រ័យលើការតែងតាំងរបស់ ក្រុមភូមិសាស្ត្រនយោបាយរបស់ខ្លួន ។ ការអនុវត្តដូច្នេះ ធានាបាននូវការចូលរួមដោយសមធម៌ ហើយត្រូវបានអនុវត្តយ៉ាងជាប់លាប់ ចំពោះរបៀបវារៈបន្ទាន់ទាំងអស់ នៅក្នុងមហាសន្និបាត IPU នាពេលកន្លងមក ។
ជាពិសេស សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងអង្គមហាសន្និបាតថ្ងៃនេះ ក៏មិនបាន បង្ហាញថាប្រទេសថៃត្រូវបានចាត់ឱ្យមានតួនាទីជាទីប្រឹក្សានោះទេ។ សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បីផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល ៕
ចែករំលែកព័តមាននេះ