ជប៉ុន ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា គឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានារបស់អនុសញ្ញា ។ នេះបើយោងតាមផេកអាជ្ញាធរមីន បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែតុលានេះ ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នៅអគារក្រសួងការបរទេសជប៉ុន ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ ។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ជប៉ុន ជាមួយកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងប្រែក្លាយដីមីនទៅជាដីមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ ។

ឯកឧត្តមថ្លែងថា កម្ពុជា គឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋានរបស់អនុសញ្ញា ហើយកម្ពុជាបន្តប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅសម្រេចបានកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។

ឯកឧត្តម ក៏បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីន នៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកអំពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមតំបន់ព្រំដែន និងរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មកម្ពុជា-ថៃ និងក្នុងតំបន់ទាំងមូល ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជា ដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយអាជ្ញាធរមីន ដើម្បីធានាថា ជំនួយសកម្មភាពមីនមនុស្សធម៌របស់ប្រទេសជប៉ុនមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព ប្រើប្រាស់ត្រូវគោលដៅ និងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។
បន្ថែមលើនេះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាលជប៉ុន ដើរតួសំខាន់ជំរុញឱ្យអនុវត្តបទឈប់បាញ់ និងរក្សាឱ្យបានសន្តិភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមទាំងក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ។
ជាការឆ្លើយតប ឯកឧត្តម SUZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍន៍ ។
ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន ។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន ។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម SUZUKI Hideo សង្ឃឹមថា កម្ពុជាអាចសម្រេចបានសន្តិភាពឆាប់ៗ ហើយជប៉ុនត្រៀមខ្លួនរួចសម្រេច ដើម្បីជួយឱ្យកម្ពុជា និងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង ៕
ចែករំលែកព័តមាននេះ