ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គាំទ្រ​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ទំនាក់ទំនង​កម្ពុជា​-​ថៃ តាម​រយៈ​GBC និង​ការ​អនុ​វត្តបទ​ឈប់​បាញ់​កាន់តែ​មាន​ភាព​ច្បាស់ លាស់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រ​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ទំនាក់ទំនង​កម្ពុជា​-​ថៃ តាម​រយៈ​GBC និង​ការ​អនុ​វត្តបទ​ឈប់​បាញ់​កាន់តែ​មាន​ភាព​ច្បាស់លាស់ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២៣ ខែតុលា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រ​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ទំនាក់ទំនង​កម្ពុជា​-​ថៃ តាម​រយៈ​GBC និង​ការ​អនុ​វត្តបទ​ឈប់​បាញ់​កាន់តែ​មាន​ភាព​ច្បាស់លាស់ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន​សូម​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​កិច្ចប្រជុំ​ណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ដែល​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៣ ខែតុលា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ពិភាក្សា​អំពី​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ឯកភាព​គ្នា​លើ​ការ​បង្កើត​ក្រុម​សង្កេតការណ៍​អាស៊ាន​(AOT) ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាន់តែ​មាន​ភាព​ច្បាស់លាស់ ។

រដ្ឋាភិបាល​ជប៉ុន​ក៏​សូម​សម្តែង​នូវ​ការ​គោរព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ប្រធាន​អាស៊ាន​ដែល​បាន​គាំទ្រ​ដល់​ការ​ពិភាក្សា​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។

រដ្ឋាភិបាល​ជប៉ុន​បាន​លើក​ឡើង​ថា ភាព​ប្រសើរ​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ថៃ មាន​សារសំខាន់​សម្រាប់​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ទាំងមូល​។ រដ្ឋាភិបាល​ជប៉ុន​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​សន្ទនា ។

ក្នុង​ន័យ​នេះ ជប៉ុន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​នូវ​កិច្ចព្រម ព្រៀង​បទ​ឈប់​បាញ់ និង​បន្ថយ​ភាព​តានតឹង​ដោយ​សហការ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ