ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ស្នើ​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​បុគ្គល​ម្នាក់​ដែល​អះអាង​ខ្លួន​ថា ជា​ប្រធាន​ផ្សារ​គីឡូម៉ែត្រ​លេខ​៩ ដើរ​ប្រមូល​ភាស៊ី​ពី​អាជីវករ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​តំណាង​អាជីវករ​ផ្សារ​គីឡូម៉ែត្រ​លេខ​៩ ដែល​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ករណី មាន​បុគ្គល​ម្នាក់ អះអាង​ថា ខ្លួន​ជា​ប្រធាន​ផ្សារ​គីឡូម៉ែត្រ​លេខ​៩ ហើយ​ដើរ​ប្រមូល​យក​លុយ ឬ​ភាស៊ី ពី​អាជីវករ…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​តំណាង​អាជីវករ​ផ្សារ​គីឡូម៉ែត្រ​លេខ​៩ ដែល​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ​ករណី មាន​បុគ្គល​ម្នាក់ អះអាង​ថា ខ្លួន​ជា​ប្រធាន​ផ្សារ​គីឡូម៉ែត្រ​លេខ​៩ ហើយ​ដើរ​ប្រមូល​យក​លុយ ឬ​ភាស៊ី ពី​អាជីវករ យ៉ាង​អាណា​ធិ​ប​តេ​យ្យ ដែល​បង្ក​ការ​លំបាក និង​ការ​ខ្នា​ក់​ខ្ន​ក់​ចិត្ត​ដល់​អាជីវករ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ ស្នើឱ្យ​អភិបាល​ខណ្ឌ និង​អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ ​ចុះ​ពិនិត្យ និង​បញ្ជា​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់ ឬ​ឃាត់ខ្លួន​ប្រសិនបើ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ទ​ង្វើ​នេះ ពិតប្រាកដ​មែន ។

ការ​ថ្លែង​បែប​នេះ នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌ​ឬ​ស្សី​កែវ នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥​នេះ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជរ​ធានី​ភ្នំពេញ ។

លោក ឯក ឃុន​ដឿ​ន បាន​គូសបញ្ជាក់​ថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កំពូល ជា​ពិសេស​សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី រហូត​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​យកចិត្តទុកដាក់​ជា​ខ្លាំង លើ​សុខទុក្ខ​បងប្អូន​អា​ជីករ រហូត​ចេញ​បទបញ្ជា​ឱ្យ​លុប​បំបាត់ ការ​យក​ភាស៊ី ចំពោះ​អ្នក​លក់ដូរ តាម​កញ្ច្រែង កញ្ជើ ឬ​ល្អី ជាដើម ជា​ពិសេស​លុប​បំបាត់​ភាស៊ី​ខុសច្បាប់​តែ​ម្តង ។

ក្នុង​វេទិកា​នា​ពេល​នេះ លោក ឯក ឃុន​ដឿ​ន បាន​ចាត់​ឱ្យ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ អនុវត្ត​ស៊ើបអង្កេត និង​ឃាត់ខ្លួន​ជន​បង្ក​នោះ​តែ​ម្តង ដើម្បី​យក​មក​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ឆ្លៀតឱកាស​បែប​នេះ ។

លោក ឯក ឃុន​ដឿ​ន មាន​ប្រសាសន៍​ថា “​ត្រូវ​ប្តេជ្ញា​ធានា​ទាំងអស់​គ្នា មិន​ឱ្យ​ជន​ឆ្លៀតឱកាស​ណា យក​លុយ​អាណា​ធិ​ប​តេ​យ្យ លើ​ការ​លក់ដូរ​ចិ​ញ្ជើ​ម​ផ្លូវ​ទេ គ្រប់​គ្នា​ទាំងអស់​គ្នា មាន​ចាប់​ទៅ ចាប់​យក​មក​ធ្វើ​កំណត់ហេតុ សាកសួរ បើ​អត់​មាន​ឯកសារ ឬ​គោលការណ៍​ច្បាស់លាស់ រុញ​ទៅ​ជញ្ជីង សុំ​គោលការណ៍​មេ រុញ​ទៅ​ជញ្ជីង​ដាក់​ទ្រុង​ទៅ នេះ​ជា​កិច្ច​ការងារ​មួយ​ដែល​យើង​ត្រូវធ្វើ​” ។

ក្នុង​ឱកាស​នោះ លោក ម៉ប់ សា​រិ​ន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួបរួមសាមគ្គី​គ្នា​ជា​ថ្លុ​ង​មួយ ក្នុង​ពេល​ដែល​ប្រទេស​ជាតិ កំពុង​ប្រឈម នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង និង​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រៀមខ្លួន ដើម្បី​វាយបក​ជាមួយនឹង​កម្លាំង​ខាងក្រៅ ដែល​ញុះ​ញ៉​ង់​ឱ្យ​ខ្មែរ​បែកបាក់ និង​ចង់​បំផ្លិចបំផ្លាញ​កម្លាំង​សាមគ្គី​របស់​ខ្មែរ ។

ក្នុង​វេទិការ​នោះ​មាន​ប្រជាពលរដ្ឋ​១០​នាក់ បាន​លើក​ឡើង​ពី​សំណូមពរ​ផ្ទាល់មាត់ ក្នុង​វេទិកា និង​មាន​ជា​លាយ​លក្ខ​អក្សរ​ជា​ច្រើន​ផង​ដែរ​។

លោក ឯក ឃុន​ដឿ​ន បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​លើក​ឡើង នូវ​សំណូមពរ និង​បញ្ហា​ជា​ច្រើន​ដើម្បី​ជា​ធាតុ​ចូល ជាមួយ​អាជ្ញាធរ អាច​ពិនិត្យ និង​យក​ទៅ​ដោះស្រាយ​ជូន ក្នុង​នោះ អភិបាលរង បាន​ទទួល​ស្តាប់ និង​ឯកភាព​តាម​សំណើរ​ជា​ច្រើន តួយ៉ាង​កិច្ចការ​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ និង​ផ្លូវ​តែ​ម្តង ហើយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ដល់​ការ​អនុវត្ត នូវ​គោលនយោបាយ​កំណែទម្រង់ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ