ទីក្រុងឡុង៖ ថ្ងៃនេះ នគរបាលអង់គ្លេសនៅទីក្រុងឡុងចាប់ខ្លួនបុរសវ័យ៤០ឆ្នាំប្លាយចំនួនបីនាក់ពីបទសង្ស័យថាពួកគេលួចយកការណ៍ពីអង់គ្លេសទៅឱ្យភ្នាក់សម្ងាត់រុស្ស៊ី។ បុរសទាំងនោះកំពុងជាប់ឃុំ ហើយអាចនឹងឆ្លងកាត់ការសួរចម្លើយពីនគរបាលប្រឆាំងអំពើភេរវកម្មរបស់អង់គ្លេសពីបទរំលោភ «ច្បាប់ស្ដីសន្តិសុខជាតិ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់នគរបាលអង់គ្លេស។
នៅក្នុងចំណោមបុរសទាំងបីនាក់នោះម្នាក់អាយុ៤៨ឆ្នាំ, ម្នាក់អាយុ៤៥ឆ្នាំ និងម្នាក់ចុងក្រោយគេអាយុ៤៤ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួននៅទីក្រុងឡុងភាគខាងលិច និងភាគកណ្ដាល។ ឥឡូវនេះ សមត្ថកិច្ចបន្តស្រាវជ្រាវនៅលើទីតាំងទាំង២នេះ និងទីតាំងមួយកន្លែងទៀត។ ស្នងការដ្ឋាននគរបាលទីក្រុងឡុងថ្លែងថាសព្វថ្ងៃនេះ យើងមើលឃើញពីការកើនឡើងនូវចំនួនភ្នាក់ងារដែលយើងចាត់ទុកថាជាមនុស្សធ្វើការប្រយោលឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។
ការចាប់ខ្លួនអ្នកទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់សកម្មភាពរបស់ពួកគេ។ ខាងលើនេះជាប្រសាសន៍របស់លោកដូមីនីក មើហ្វ៊ី (Dominic Murphy) ជាប្រធានផ្នែកប្រឆាំងអំពើភេរវកម្មនៃស្នងការដ្ឋាននគរបាលប្រចាំទីក្រុងឡុង។ លោកសូមផ្ដាំទៅអ្នកទាំងឡាយណាដែលកំពុងត្រូវភ្នាក់ងារបរទេសអូសទាញ ឬអ្នកដែលចង់ធ្វើសកម្មភាពខុសច្បាប់ដើម្បីបម្រើឱ្យរដ្ឋបរទេសសូមគិតឡើងវិញបើចង់សុខខ្លួន។
អង់គ្លេសនឹងបន្តស៊ើបអង្កេតសកម្មភាពនេះ។ អ្នកដែលត្រូវសមត្ថកិច្ចរកឃើញថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនេះនឹងត្រូវចាប់ខ្លួនយកទៅផ្ដន្ទាទោស។ បើសិនតុលាការរកឃើញកំហុស ពួកគេនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ។ សូមរំលឹកថាកាលពីសប្ដាហ៍មុន លោកខេន ម៉ាក់ខាលូម (Ken McCallum) ដែលជាប្រធានក្រុមស៊ើបការណ៍សម្ងាត់ផ្ទៃក្នុងជាតិ ឬក្រុមអឹមអាយហ្វាយ (MI5) ព្រមានថារុស្ស៊ី ចិន និងអ៊ីរ៉ង់ក្លាយជាគ្រោះគំរាមកំហែងកាន់តែខ្លាំងសម្រាប់អង់គ្លេស។
លោកអះអាងថាទីភ្នាក់ងារបង្កប់ទទួលបញ្ជាពីរដ្ឋបរទេសដើម្បីធ្វើសកម្មភាពឈ្លបយកការណ៍, វិច្ឆេទកម្ម, ការដុតបំផ្លាញទ្រព្យសម្បត្តិ ឬការប្រព្រឹត្តអំពើហិង្សានៅអង់គ្លេស។ កាលពីសប្ដាហ៍មុន ព្រះរាជអាជ្ញាទម្លាក់ចោលការចោទប្រកាន់ទៅលើបុរសជនជាតិអង់គ្លេស២នាក់ដែលជាប់សង្ស័យពីបទលួចយកការណ៍សម្ងាត់ទៅឱ្យប្រទេសចិន។ ចំណាត់ការនេះធ្វើឱ្យមានវិវាទនៅក្នុងចំណោមអ្នកនយោបាយនៅអង់គ្លេស។ មានការចោទប្រកាន់ថាមន្ត្រីរដ្ឋាភិបាលអង់គ្លេសធ្វើអន្តរាគមន៍នៅក្នុងរឿងនេះដើម្បីកុំឱ្យមានទំនាក់ទំនងល្អកកករជាមួយប្រទេសចិន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសចេញមុខបដិសេធការចោទប្រកាន់នេះ៕
ចែករំលែកព័តមាននេះ