ទីក្រុងម៉ូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោកម៉េតវេដេវ (Medvedev) ដែលបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងក៏ជាសម្ព័ន្ធមិត្តរបស់លោកពូទីនផងដែរនោះ បានបញ្ចេញប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកត្រាំទៅលើក្រុមហ៊ុនរបស់រុស្ស៊ី។ លោកម៉េតវេដេវចាត់ទុកថាទង្វើនេះជាការបញ្ជាក់ច្បាស់ថាអាមេរិកកំពុងចងសត្រូវជាមួយរុស្ស៊ី។ លោកថ្លែងបន្តទៀតថាការដាក់ចេញចំណាត់ការថ្មីៗរបស់លោកត្រាំមានន័យស្មើនឹងការផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
លោកត្រាំធ្លាប់និយាយតាំងពីពេលឃោសនាបោះឆ្នោតថាលោកត្រូវការពេលតែ២៤ម៉ោងប៉ុណ្ណោះអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនបានហើយ។ ប៉ុន្តែរយៈពេល៩ខែហើយចាប់តាំងពីលោកស្បថចូលកាន់តំណែង កុំថាឡើយដល់ទៅបញ្ចប់សង្គ្រាម សូម្បីតែកិច្ចព្រមព្រៀងតូចកំប៉ិកកំប៉ុកក៏មិនទាន់សម្រេចបាននៅឡើយផង។ ហេតុនេះ លោកចាប់ផ្ដើមក្រពុលមុខ និងមួរម៉ៅចំពោះលោកពូទីនដែលមិនព្រមបន្ធូរដៃនៅក្នុងការវាយប្រហារអ៊ុយក្រែន និងមិនព្រមចូលតុចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។
លោកត្រាំធ្លាប់ប្រើសម្ដីមាក់ងាយប្រទេសរុស្ស៊ីថាគ្រាន់តែខ្លាក្រដាសតែប៉ុណ្ណោះ។ កាលពីយប់មិញ លោកប្រកាសលុបចោលគម្រោងជួបគ្នាជាមួយលោកពូទីន និងបង្គាប់ឱ្យក្រសួងរតនាគារដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងរុស្ស៊ីចំនួន២។ ជាកិច្ចឆ្លើយតប លោកម៉េតវេដេវបង្ហោះសារនៅលើតេឡេក្រាមថាអាមេរិកពេលនេះជាគូបដិបក្សរបស់យើងហើយ។ អ្នកដែលតាំងខ្លួនជាអ្នកផ្សះផ្សារសន្តិភាពឱ្យពួកយើង និងដែលពូកែខាងវោហារនោះបានចេញមុខប្រឆាំងរុស្ស៊ីជាចំហ (លោកចង់សំដៅទៅលើលោកត្រាំ)។ «លោកម៉េតវេដេវសរសេររៀបរាប់បន្តទៀតថាការសម្រេចចិត្តទាំងនេះជាសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ ឥឡូវនេះ លោកត្រាំចងសម្ព័ន្ធភាពយ៉ាងពេញទំហឹងជាមួយពួកអឺរ៉ុប»។
តាមពិត នៅរុស្ស៊ីសព្វថ្ងៃនេះ អ្នកដែលមានសិទ្ធិសម្រេចអ្វីៗគ្រប់យ៉ាងគឺលោកពូទីន។ ប៉ុន្តែលោកម៉េតវេដេវក៏ជាអ្នកជួយផ្ដល់គំនិតម្នាក់ដែរនៅក្នុងចំណោមមន្ត្រីកំពូលៗនៅវិមានក្រឹមឡាំង។ លោកត្រាំ និងលោកម៉េតវេដេវឧស្សាហ៍ប៉ះសម្ដីគ្នាជាហូរហែ។ លោកម៉េតវេដេវអះអាងថាទង្វើប្រែប្រួលម្ដងបែបនេះម្ដងបែបនោះរបស់ត្រាំមានន័យថារុស្ស៊ីអាចប្រើគ្រឿងសាស្ត្រាវុធគ្រប់ប្រភេទដើម្បីវាយប្រហារអ៊ុយក្រែនដោយមិនចាំបាច់ខ្វាយខ្វល់អំពីការចរចាគ្នាដ៏ឥតប្រយោជន៍នោះទេ។
បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ី លោកហ្សេឡិនស្គីប្រកាសស្វាគមន៍យ៉ាងឱឡារិក និងចាត់ទុកថានេះជាវិធានការដ៏សំខាន់របស់អាមេរិក សហការជាមួយអឺរ៉ុបដើម្បីចាត់ការវិស័យថាមពលរបស់រុស្ស៊ី។ ប៉ុន្តែហ្សេឡិនស្គីនៅមិនទាន់អស់ចិត្តត្រឹមទណ្ឌកម្មប៉ុណ្ណឹងទេ។ លោកចង់ឱ្យអាមេរិក និងអឺរ៉ុបដាក់សម្ពាធបន្ថែមទៀតដើម្បីឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់។
នៅថ្ងៃនេះផងដែរ អឺរ៉ុបប្រកាសដាក់ទណ្ឌកម្មរុស្ស៊ីលើកទី១៩។ ក្នុងនោះក៏មានការហាមឃាត់ការនាំចូលឧស្ម័នផងដែរ។ លោកហ្សេឡិនស្គីនៅតែមានជំនឿថាបទឈប់បាញ់នៅអ៊ុយក្រែនអាចនឹងទៅរួច។ ប៉ុន្តែទាល់តែគាបសង្កត់រុស្ស៊ីឱ្យបានខ្លាំងបន្តិចទើបបាន។ ម៉្យាងទៀត លោកមិនត្រូវការកាត់ទឹកដីប្រទេសខ្លួនឯងទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាពទេ។ ក្រោយមក លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចសម្ដែងការអរគុណចំពោះលោកត្រាំដែលសម្រេចចិត្តដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី៕
ចែករំលែកព័តមាននេះ