ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ចម និម្មល ប្តេជ្ញាលើកស្ទួយស្វាយចន្ទី-ម្រេច កម្ពុជា ត្រូវតែក្លាយជាផលិតផលមានតម្លៃខ្ពស់

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​រដ្ឋមន្ត្រី ចម និម្មល បាន​បញ្ជាក់​ថា កម្ពុជា​បាន និង​កំពុង​ខិតខំ​លើក​ស្ទួយ និង​ប្រែក្លាយ​ពី​ប្រទេស​ផលិត ទៅ​ជា​ប្រទេស​ដែល​នាំ​ចេញ​គ្រាប់ស្វាយចន្ទី…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​រដ្ឋមន្ត្រី ចម និម្មល បាន​បញ្ជាក់​ថា កម្ពុជា​បាន និង​កំពុង​ខិតខំ​លើក​ស្ទួយ និង​ប្រែក្លាយ​ពី​ប្រទេស​ផលិត ទៅ​ជា​ប្រទេស​ដែល​នាំ​ចេញ​គ្រាប់ស្វាយចន្ទី និង​ម្រេច ប្រកប ដោយ​គុណភាព​ខ្ពស់ និង​រួមចំណែក​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ពិភពលោក ។

ថ្លែង​ក្នុង​វេទិកា​នេះ​ពិធី​បើក «​វេទិកា​ពាណិជ្ជកម្ម​ស្វាយចន្ទី និង​ម្រេច​កម្ពុជា​» ក្រោម​មូលបទ «​ការ​បើក​ច្រក​ទីផ្សារ​ទៅ​កាន់​សហភាព​អឺរ៉ុប ២០២៥» ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣-២៤ ខែតុលា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ។ តាម​រយៈ​ការ​សហការ​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្រសួងពាណិជ្ជកម្ម​កំពុង​ពង្រឹង​បន្ថែម​ក្នុង​ការ​នាំ​ចេញ ការ​ធានា​គុណភាព វិ​ញ្ញាប​ន​ប័ត្រ និង​ប្រព័ន្ធ​តាមដាន​ដំណើរការ​ផលិតកម្ម ឱ្យ​ស្របគ្នា​ទៅ​នឹង​ស្តង់ដារ​ទីផ្សារ​អឺរ៉ុប ។

ដោយ​មើលឃើញ​ពី​សក្តានុពល និង​កាលានុវត្តភាព​នៃ​ដំណាំ​ស្វាយចន្ទី និង​ម្រេច លោក​ជំទាវ​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម តាម​រយៈ​កិច្ចសហការ​ជិត​ស្និទ្ធ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន បាន​រួម​គ្នា​រៀបចំ​គោលនយោបាយ​ជាតិ​ស្តី​ពី​ស្វាយចន្ទី ឆ្នាំ​២០២២-២០២៧ និង​បច្ចុប្បន្ន​កំពុង​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ ម្រេច​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​ផលិតកម្ម ការ​កែ​ច្នៃ និង​ទីផ្សារ​ស្វាយចន្ទី និង​ម្រេច ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​បន្ន ធានា​នូវ​និរន្តរភាព ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ចម្បង​មួយ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ​រដ្ឋមន្ត្រី ជម្រាប​ជូន​ពី​យន្តការ​ចម្បង​ៗ​មួយ​ចំនួន ជា​ពិសេស លើ​ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​អតិបរមា រួម​មាន ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ការ​បន្ត​ពង្រីក​ទីផ្សារ​ថ្មី​ៗ និង​បង្កើន​ភាព​ទុក​ចិត្តជា​ដៃគូ​ពាណិជ្ជកម្ម ។ ក្នុង​នោះ ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​ខិតខំ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល​កសិកម្ម​កម្ពុជា ជា​ពិសេស ផលិតផល​គ្រាប់ស្វាយចន្ទី និង​ម្រេច ឱ្យ​ក្លាយជា​ផលិតផល​ដែល​ទទួល​បានការ​ទុកចិត្ត និង​មាន​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​ពិភពលោក ។

មុន​នឹង​បញ្ចប់ លោក​ជំទាវ​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​លើកកម្ពស់ និង​ពង្រឹងសមត្ថភាព​ផលិត និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ការ​អភិវឌ្ឍ​ផលិតកម្ម ការ​កែ​ច្នៃ និង​ទីផ្សារ​ស្វាយចន្ទី និង​ម្រេច ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​បន្ន ធានា​នូវ​និរន្តរភាព ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ចម្បង​មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក ៕