ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះអនុវត្តការសម្រេចឱ្យផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន(ខេមបូឌា)បាយអថេកណឡជី KUBON (CAMBODIA) IOTECHNOLOGY CO., LTD ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា វិធានការនេះ គឺជាការអនុវត្តទៅតាមការសម្រេចរបស់ក្រសួងបរិស្ថាន ។ ក្រុមហ៊ុនគូប៊ុន(ខេមបូឌា)បាយអថេកណឡជី ជាក្រុមហ៊ុនកែច្នៃស្បែកសត្វនៅក្នុងស្រុកព្រៃនប់ ដែលរោងចក្ររបស់ក្រុមហ៊ុននេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះជុំវិញតំបន់នោះ ។ កន្លងមក ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្ត ធ្លាប់បានធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសាមកហើយ តែក្រុមហ៊ុននៅមិនមានការកែតម្រូវ ។
ដូច្នេះ ការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថានបន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូល នឹងត្រូវផ្អាករហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដាបច្ចេកទេស ។ ក្នុងបេសកកម្មនេះ តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្ម ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកដំណើរការផលិតកម្មឡើងវិញ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋបានរាយការណ៍ថា មានត្រីចិញ្ចឹមរបស់ពួកគាត់ចាប់ផ្តើមងាប់បន្តទៀត នៅព្រែកកំពង់ស្មាច់ ក្នុងឃុំសាមគ្គី ។ ពលរដ្ឋអះអាងថា មកពីរោងចក្រក្រុមហ៊ុន គូប៊ុន(ខេមបូឌា)បាយអូថេកណឡជី (cambodia) Biotechnology co.,ltd) មានទីតាំងនៅឃុំសាមគ្គី ទោះបីជាទីតាំងរោងចក្រនេះត្រូវបានក្រុមការងារចម្រុះដឹកនាំដោយលោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្ត ដែលមានមន្ទីរ ការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន ដែលបង្ហូរចូលព្រែកកំពង់ស្មាច់ នាំឱ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ នៅតាមព្រែកក្នុងមូលដ្ឋាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រុមការងារដឹកនាំដោយលោក ចេន រ៉េតនាយករងរដ្ឋបាលសាលាខេត្ត បានទៅពិនិត្យជាក់ស្តែងនៅទីតាំងរោងចក្រ រកឃើញថា រោងចក្របាននិងកំពុងធ្វើឃ្លាំងសម្រាប់ស្តុក និងត្រាំស្បែកគោ តាមលក្ខណៈបច្ចេកទេស ។ ប៉ុន្តែរោងចក្រពុំទាន់កែប្រែចំណុចបង្ហូរចេញពីអាងប្រព្រឹត្តកម្មតាមការណែនាំ ស្តីពីការពិន័យអន្តរការណ៍ និងបញ្ជាឱ្យកែប្រែករណីបង្ហូរសំណល់ចេញពីអាងប្រព្រឹត្តកម្មដែលពុំទាន់បានសម្អាតតាមស្តង់ដាចូលព្រែក ។
បំពង់ទុយោទំហំ៤០០មិល្លីម៉ែត្រ ភ្ជាប់ពីអាងប្រព្រឹត្តកម្មរហូតដល់ព្រែកកំពង់ស្មាច់ ដែលមានប្រវែងប្រហែល២គីឡូម៉ែត្រ ក្រុមកាងារពិនិត្យឃើញថា រោងចក្រពុំបានធ្វើប្រព្រឹត្តកម្មសម្អាតសំណល់រាវរបស់ខ្លួន តាមស្តង់ដាបច្ចេកទេសនៅឡើយ ជាហេតុធ្វើឱ្យមានការបំពុលទឹក ប៉ះពាល់ដល់ជីវៈចម្រុះ ការរស់នៅរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមត្រី(ត្រីងាប់) និងមានកំណកខ្លាញ់កកអណ្តែតលើផ្ទៃទឹក ។ ក្រុមការងារបានយកសំណាកទឹកក្នុងព្រែកទល់មុខបំពង់ទុយោរោងចក្រចំណុះ១,៥លីត្រ ទៅពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ។កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ពលរដ្ឋបានបញ្ចាក់ថា ត្រីចិញ្ចឹមរបស់ពួកគាត់ បានងាប់ច្រើនជាងពេលកន្លងទៅ គឺងាប់បង្ហើយក្នុងបែចិញ្ចឹមតែម្តង ដែលត្រីមានទម្ងន់ប្រមាណជាកន្លះគីឡូក្រាមទៅជិត១គីឡូក្រាម ហើយលើកនេះងាប់រាប់តោនតែម្តង ។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានបញ្ជក់ថា ក្រុមការងាររបស់លោកបានទៅពិនិត្យឃើញថា ទឹកព្រែកមានពណ៌ខ្មៅ ហើយមានក្លិនស្អុយ បណ្តាលឱ្យកូនត្រីងាប់ប្រមាណ ២៦ ៦០០ក្បាល ។ នៅក្នុងនោះ ក៏មានកូនត្រីរបស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កសិករប្រមាណ២ម៉ឺនក្បាលផងដែរ ដែលមានត្រីឆ្ពង់ ១៨៨ក្បាល ទម្ងន់ ៣២៦គីឡូក្រាម ត្រីរស់នៅតាមដងព្រែក មានត្រីអណ្តែងប៉ុយ ត្រីកាតង ត្រីកាកឺមបាយ ត្រីត្បក អន្ទង់ក៏មានងាប់មួយចំនួនអណ្តែតតាមដងព្រែក ដែលនាំឱ្យប៉ះពាល់ដល់អេកូឡូស៊ីទាំងស្រុងផង ។តាមលោក Li Jinfao តំណាងក្រុមហ៊ុន គូប៊ុន(ខេមបូឌា)បាយអូថេកណឡជី (cambodia) Biotechnology co. ,ltd បានប្រាប់ក្រុមការងារថា រោងចក្រមិនទាន់បានដំណើរការនៅឡើយទេ ប៉ុន្តែរោងចក្រកំពុងសាកម៉ាស៊ីន ហើយប្រហែលជាបុគ្គលិកមានការធ្វេសប្រហែស ទើបបណ្តាលឱ្យសំណល់រាវហូរចូលព្រែកបែបនេះ ៕



ចែករំលែកព័តមាននេះ