បន្ទាយមានជ័យ ៖ នេះជាយប់ទី៤ហើយ ដែលភាគីថៃយកកុនមកបញ្ចាំង និងគ្រឿងបំពងសំឡេងដាក់រំខានដំណេកប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យបានប្រាប់ថា ៖ នេះជាយប់ទី៤ហើយ ដែលភាគីថៃមកបញ្ចាំងកុន និងដាក់គ្រឿងបំពង់សំឡេងមួយយប់ទាល់ភ្លឺរំខានដល់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ភូមិជោគជ័យមិនបានសម្រាន្តគ្រប់គ្រាន់ ព្រោះថ្លង់ដោយដាក់សំឡេងព្រឺព្រួច សំឡេងធ្ងរ និងសំឡេងឆ្កែព្រុះ សំឡេងយន្តហោះ ។

លោកបានបញ្ជាក់ថា ៖ ភាគីថៃបានដាក់សំឡេងរយៈពេល៤យប់ជាប់គ្នា ហើយបានបញ្ចាំងកុន និងដាក់ធុងបាស់ ចាប់ពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ៖ ក្រោយភាគីថៃបានយកកុនមកបញ្ចាំង និងដាក់គ្រឿងបំពង់សំឡេងដែលរំខាននៃការបំភិតបំភ័យនិងយាយីផ្លូវចិត្តដល់ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ រយៈពេល៤យប់ ចាប់ពីយប់ថ្ងៃទី១០ដល់១៣ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភបំពានអនុសញ្ញាប្រឆាំងទារុណកម្មដែលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕






                        
			         
				
ចែករំលែកព័តមាននេះ