ខេត្តកំពង់ចាម ៖ ពិតជានឹកស្មានមិនដល់ ដោយពេលវេលាដូចគ្នា ថ្ងៃតែមួយ មនុស្សមិនចេះហែលទឹកបានរអិលជើងចូលទៅកន្លែងទឹកជ្រៅ ជាហេតុបណ្ដាលឲ្យលង់ស្លាប់។ ក្នុងនោះ មានករណីទីមួយ នៅស្រុកចំការលើ និងមួយករណីទៀតនៅស្រុកបាធាយ ពិតជាគួរឱ្យសង្វេគ ចាស់ៗធ្លាប់ផ្ដាំថា បើមិនចេះហែលទឹក កុំលេងទឹក ប្រយ័ត្នគ្រោះថ្នាក់ ។

ចំពោះករណីទីមួយ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ករណីមនុស្សលង់ទឹកប្រឡាយ បណ្ដាលអោយស្លាប់ម្នាក់ នៅថ្ងៃទី១០ តុលា ២០២៥ វេលាម៉ោង៤ និង៣០នាទីរសៀល ចំណុចប្រឡាយទឹកខាងលិចភូមិបន្ទាយជ័យ ស្ថិតក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ។
សាកសពមានឈ្មោះ វ៉ាន់ វ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើដែលបានចុះដោះមងត្រីនៅចំណុចប្រឡាយទឹកខាងលិចភូមិបន្ទាយជ័យ ស្ថិតក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ។ មុនពេលកើតហេតុ ជនរងគ្រោះចុះសារមងដាក់ត្រីក្នុងប្រឡាយតែមិនចេះហែលទឹក ក៏រអិលជើងទៅកន្លែងទឹកជ្រៅ ដែលមានជម្រៅ៥ម៉ែត្របណ្ដាលអោយលង់ទឹកប្រឡាយស្លាប់តែម្តង ។
ចំពោះករណីទី២ សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅថ្ងៃទី១០ តុលា ២០២៥ វេលាម៉ោង៤និង៣០នាទីរសៀល ចំណុចទួលត្នោតខាងលិចភូមិទួល ឃុំបាធាយស្រុកបាធាយ មានក្មេងឈ្មោះឈុត នីកូអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ បានលង់ទឹកស្លាប់កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃខែឆ្នាំខាងលើ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលស្រុក បានបញ្ជាដល់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ទោ សន ប៊ុនថង អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានចុះដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការពិនិត្យកន្លែងកើតហេតុនិងមានការចូលរួមទាំងក្រុមគ្រួសារសាកសពទៀតផង។
ទីកន្លែងកើតហេតុ ស្ថិតនៅចំណុចទំនប់ទឹកទួលត្នោតខាងលិចភូមិទួលឃុំបាធាយ ស្រុកបាធាយ ដែលមានជម្រៅពី៣ទៅ៤ម៉ែត្រ សាកសពត្រូវបានក្រុមគ្រួសារនិងប្រជាពលរដ្ឋបានស្រង់យកមកតំកល់នៅលើផ្ទះរួចរាល់មុនសមត្ថកិច្ចមកដល់។ សាកសពពាក់អាវពណ៌ពងក្រសារដៃវែង ស្លៀកខោកាប៊យជើងវែង ពណ៌ទឹកប៊ិច។
តាមការសន្និដ្ឋានផ្នែកតាមការបំភ្លឺរបស់សាក្សី រួមនិងការពិនិត្យសាកសពនៅកន្លែងកើតហេតុ គណៈកម្មការយើងសន្និដ្ឋានបានថា ឈ្មោះឈុត នីកូ គឺពិតជាស្លាប់ដោយសាលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន។
ចែករំលែកព័តមាននេះ