ទីក្រុងវៀងច័ន្ទ ៖ សេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤,៨% នៅក្នុងឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាប់លាប់ ក្រោមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំរបស់រដ្ឋាភិបាលប្រទេសនេះ សម្រាប់ឆ្នាំ ២០២១-២០២៥។
យោងតាមទីភ្នាក់ងារសារព័ត៌មានឡាវ KPL បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) បានបង្ហាញរពីបាយការណ៍រដ្ឋាភិបាលឡាវនៅក្នុងសម័យប្រជុំសាមញ្ញលើកទី ១០ នៃរដ្ឋសភា កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ ដោយបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចប្រទេសឡាវ បានពង្រីកក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៤,២៤% ស្របតាមផែនការរយៈពេល ៥ ឆ្នាំ។
នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលឡាវបានផ្តោតលើការអនុវត្តអាទិភាពសេដ្ឋកិច្ចសំខាន់ៗចំនួន ១២ ពិសេសផ្តោតលើការដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការណែនាំវិធានការ ដើម្បីជំរុញកំណើន។
ជាក់ស្តែង នៅអំឡុងពេលនេះ វិស័យកសិកម្មបានកើនឡើងជាមធ្យម ២,៩% ស្មើនឹង ១៩,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលលើសពីការព្យាករណ៍របស់ផែនការកំណើន ២,៥% និង ១៥,៣% នៃ GDP។ វិស័យឧស្សាហកម្មបានកើនឡើងជាមធ្យម ៤,៧% ដែលតំណាងឱ្យ ៣២,៥% នៃ GDP ដែលលើសពីកំណើនដែលបានគ្រោងទុក ៤,១% និងចំណែក ៣២,៣% នៃ GDP។ ទន្ទឹមនឹងនេះ វិស័យសេវាកម្មបានកើនឡើង ៤,៥% ស្មើនឹង ៣៦,៦% នៃ GDP ដែលទាបជាងគោលដៅកំណើន ៦% និង ៤១,៣% នៃ GDP ។
កត្តាជំរុញកំណើនសំខាន់ៗរួមមាន ការផលិតអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការផលិតអគ្គិសនី ការជីកយករ៉ែ ឧស្សាហកម្មកែច្នៃ និងការដឹកជញ្ជូន។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុមិនអំណោយផល គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតកូវីដ-១៩ បានរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងស្ថិរភាពសង្គម។
លើសពីនេះទៀត ភាពប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ការងើបឡើងវិញយឺតជាងការរំពឹងទុកក្នុងសេដ្ឋកិច្ចប្រទេសជិតខាង និងការកែសម្រួលគោលនយោបាយការងារដោយប្រទេសជិតខាង សុទ្ធតែបានដាក់សម្ពាធលើស្ថិរភាពរូបិយវត្ថុរបស់ប្រទេសឡាវ។ បញ្ហាប្រឈមទាំងនេះ បានរួមចំណែកដល់អតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងតម្លៃទំនិញចាំបាច់ និងនាំចូលខ្ពស់ ដែលប៉ះពាល់ដល់ថ្លៃដើមរស់នៅ និងជំរុញឱ្យកម្មករឡាវជាច្រើនស្វែងរកការងារធ្វើនៅបរទេស។
បើទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន បានអះអាងថា រដ្ឋាភិបាលឡាវ នៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងសម្រេចបាននូវគោលដៅកំណើន ៤,៨% នៅចុងឆ្នាំនេះ៕ ដកស្រង់ ៖ KPL និង VietnamPlus

ចែករំលែកព័តមាននេះ