រាជធានីភ្នំពេញ៖ កម្ពុជា ជាប្រទេសដំបូងគេ ដាក់ឱ្យប្រើប្រាស់កងមានជាតិថ្នាំដាពីវីរីន ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់។
យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជា (DVR-PrEP)។
បើតាមក្រសួង, ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ សេវា ប្រឹពកង (DVR-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយ នវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ជាពិសេសស្រ្តីដែលប្រឈម ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យដំណើរការសេវា DVR-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តការផ្តល់សេវា DVR-PrEP ក៏ដូចជា សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ដូចជា៖ ១. ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដោយគ្មានការរើសអើង ២. ត្រូវបង្កើនការផ្សព្វផ្សាយ និងការអប់រំ អំពីមេរោគអេដស៍ និងជំងឺកាមរោគ ៣. ពង្រឹងគុណភាព នៃសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺអេដស៍ និងកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល ៤. សហការ គាំទ្រឱ្យមានការចូលរួម របស់បណ្តាញសហគមន៍ និងតំណាងក្រុមប្រឈម រួមទាំងស្ត្រី និងយុវវ័យ និង៥. បង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងបន្តពង្រឹងការអនុវត្តការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
ក្នុងឱកាសនេះដែរ លោកជំទាវ បានគោរពថ្លែងអរគុណជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា៕
ចែករំលែកព័តមាននេះ