រាជធានីភ្នំពេញ ៖ មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ លោកអនុសេនីយ៍ត្រី សុខ សំអុល ត្រូវដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងមន្ត្រីនគរបាល ចំនួន ៤រូបទៀត ត្រូវផ្អាកការងារ ដើម្បីបើកផ្លូវឱ្យតុលាការចាត់តាមផ្លូវច្បាប់ពាក់ព័ន្ធករណីបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះអនុសេនីយ៍ត្រី សុខ សំអុល មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្សបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាល ចំនួន ៤រូបទៀត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងទាហានកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។
មន្ត្រីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖
១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
២- លោកវរសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
៣- លោកវរសេនីយ៍ត្រី ព្រំ ភរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរសេនាតូច ៨៩១ ។
៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរសេនាតូច ៨៩១ ។
៥- លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរសេនាតូច ៨៩១ ។
៦- លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរសេនាតូច ៨៩១ ។
៧- ឈ្មោះ ង៉ិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ) ។
បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំងនោះ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ។ មន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ ។ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕









ចែករំលែកព័តមាននេះ