ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សៀមរាប ​ទទួល​អំណោយ​ពី​សប្បុរសជន ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ជនភៀសសឹក

16 ម៉ោង មុន

ខេត្តសៀមរាប​ ៖ ថ្ងៃ​សុក្រ ទី​១០ ខែតុលា ឆ្នាំ​២០២៥ នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត លោក ប្រាក់ សោភ័ណ…

ខេត្តសៀមរាប​ ៖ ថ្ងៃ​សុក្រ ទី​១០ ខែតុលា ឆ្នាំ​២០២៥ នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​សំណេះសំណាល និង​ទទួល​អំណោយ​ពី​ក្រុម​មេធាវី​ពិស្សុត និង​សហការី​ដឹកនាំ​ដោយ​លោក ហាក់ សុភា​រិ​ទ្ធ ប្រធាន​ក្រុម​មេធាវី​ពិស្សុត និង​សហការី ​។

លោក ប្រាក់ សោភ័ណ បាន​បញ្ជាក់​ជូន​ដល់​ក្រុម​មេធាវី​ អំពី​ស្ថានភាព​ក្នុង​ខេត្តសៀមរាប​ថា កាលពី​ផ្ទុះអាវុធ​ដំបូង​នៅ​តាម​បណ្តា​ព្រំដែន​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ភៀស​សឹក ​មក​រក​ទីតាំង​សុវត្ថិភាព​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​ ប្រមាណ​ជាង​៥​ម៉ឺន ​ក្នុងអំឡុងពេល​ផ្ទុះអាវុធ​ដំបូង ជាមួយ​គ្នា​នេះ ខេត្ត​ក៏​បាន​រៀបចំ​ទីតាំង​សុវត្ថិភាព ​ចំនួន ១៤១​ទីតាំង ដើម្បី​ត្រៀម​សម្រាប់​បងប្អូន​ផង​ដែរ ​។

លោកបាន​បញ្ជាក់​ថា​បន្ថែម​ថា បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​នៅ​ទីតាំង​សុវត្ថិភាព​ប្រមាណ​ជាង ៣,០០០​នាក់ ជាមួយនឹង​ការ​ស្នាក់​នៅ​នេះ រដ្ឋបាល​ខេត្ត​បាន​ផ្គត់ផ្គង់​ នូវ​គ្រឿង​ឧបភោគបរិភោគ​ជា​ប្រចាំ ម្យ៉ាងទៀត ក៏​មាន​សប្បុរសជន​ បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ផង​ដែរ​ ។ បន្ថែម​ពី​នេះ ខេត្ត​ក៏​បាន​រៀបចំ​នូវ​កន្លែង​ហាត់​កីឡា និង​អប់រំ ត្រៀម​នូវ​មន្ត្រី​សុខាភិបាល​ប្រចាំការ​សម្រាប់​ពិនិត្យ សង្គ្រោះ និង​ព្យាបាល​ដល់​ជនភៀសសឹក ​ដែល​កំពុង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ​។

លោកអភិបាលខេត្ត​បាន​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​បងប្អូន​ជនភៀសសឹក សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ដោយ​តាមដាន​ជា​ប្រចាំ​។ កន្លង​មក​ យើង​ក៏​បាន​រៀបចំ​កន្លែង​សម្រាប់​ដល់​ក្មួយ​ៗ ​សិស្សានុសិស្ស​នៅខេត្ត​ឧត្តរ​មានជ័យ បាន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ​នៅ​ខេត្តសៀមរាប​។ ម្យ៉ាងទៀត ក្រៅពី​បងប្អូន​ជនភៀសសឹក​ រដ្ឋបាល​ខេត្ត​ក៏​បាន​ត្រៀម​មន្ទីរពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ ដល់​យោធិន​ជួរ​មុខ​ផង​ដែរ ​។

ដោយឡែក សម្តេច​ធិ​បតី និង​លោក​ជំទាវ​ក៏​បាន​យកចិត្ត​ទុក​ខ្ពស់​ផង​ដែរ ចំពោះក្រុម​គ្រួសារ​យោធិន ​ដែល​បាន​ពលី ​ដោយ​បាន​ផ្តល់​ នូវ​ថវិកា សម្ភារ​ប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគ សាងសង់​ផ្ទះ​១​ខ្នង និងផ្តល់​ក្រប​ខណ្ឌ​ទាហាន​មួយ​នាក់​ដល់​កូន​យោធិន​ ដែល​បាន​ពលី​ផង​ដែរ ​។

លោក ហាក់ សុភា​រិ​ទ្ធ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក ប្រាក់ សោភ័ណ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ដើម្បី​ផ្តល់​ឱកាស​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ក្រុម​មេធាវី​ពិស្សុត និង​សហការី​នា​ពេល​នេះ​ ។

លោកបាន​បន្ត​ថា ក្រុម​មេធាវី​នឹង​ចុះ​ទៅ​ទីតាំង​បងប្អូន​ជនភៀសសឹក​ នៅ​ស្រុក​ស្រីស្នំ​ នា​ថ្ងៃស្អែក ដើម្បី​បានឃើញ​នូវ​ទិដ្ឋភាព​រស់នៅ​ជាក់ស្តែង​របស់​បងប្អូន​ជនភៀសសឹក​ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះ លោកក៏​បាន​នាំ​យក​ នូវ​អង្គរ៥០០​គីឡូ​ក្រោម ត្រីខកំប៉ុង ១​កេស​ធំ ទឹក​សុទ្ធ ១០​កេស ទឹក​ស៊ី​អ៊ី​វ ១០​យួរ ទឹកត្រី ១០​យួរ មី​ជាតិ ៣០​កេស និង​ថវិការ ១​លាន​រៀល ​។

លោកអភិបាលខេត្ត​ ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​ ប្រធាន​ក្រុម​មេធាវី​ពិស្សុត និង​សហការី ​ដែល​បាន​ចំណាយ​ពេលវេលា និង​ធនធាន ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ជនភៀសសឹក ​តាម​រយៈ​រដ្ឋបាល​ខេត្ត​នា​ពេល​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ