ខេត្តពោធិ៍សាត់៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានធ្វើការរុះរើសំណង់មិនរៀបរយ នៅត្រើយខាងកើតស្ទឹង ដើម្បីរៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ហើយនិងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំ២០២៦ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។
ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ខេត្តពោធិ៍សាត់ ថ្វីត្បិតយើងមានកោះសំពៅមាស ដ៏ស្អាតផុសកណ្តាលផ្ទៃក៏ពិតមែន ក៏ប៉ុន្តែបើក្រឡេកមើល ទៅតាមច្រាំងស្ទឹងជុំវិញកោះ គឺពុំមានអនាម័យបរិស្ថានស្អាតល្អនៅឡើយទេ។ ក្នុងន័យនេះ យើងត្រូវចូលរួមរៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមច្រាំងស្ទឹង ដើម្បីប្រែក្លាយជាសួនច្បារ មានផ្កាគ្រប់ពណ៌ចម្រុះ អមដោយអំពូលភ្លើងបំភ្លឺ ដើម្បីកែលម្អសោភណភាពក្រុងឱ្យស្រស់ស្អាត និងដើម្បីឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាចដើរហាត់ប្រាណ និងអង្គុយលំហែកាយ ជាពិសេសទាក់ទាញដល់អ្នកធ្វើដំណើរ ក៏ដូចភ្ញៀវទេសចរជាតិ-អន្តជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹងទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរុះរើសំណង់របស់ខ្លួន ទៅទីតាំងថ្មី ដែលអាជ្ញាធរបានដោះដូរជូន។
ទន្ទឹមនឹងនេះ ឯឧត្តមក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋផ្សេងទៀត ដែលពុំទាន់បានរុះរើ សូមបន្តរុះរើជាបណ្តើរៗ ហើយអាជ្ញាធរនឹងត្រៀមជួយគ្រប់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយបន្ថែម ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្ត នូវកិច្ចការងាររៀបចំសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន សំដៅធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ៕
ចែករំលែកព័តមាននេះ