ខេត្តបន្ទាយមានជ័យ ៖ ស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហាក់នៅតែបន្តមានភាពតានតឹងដដែល ខណៈដែលនៅថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ នេះ កងកម្លាំងចម្រុះរបស់ប្រទេសថៃ បានកំពុងបន្តសកម្មភាព ទន្ទ្រានទឹកដីកម្ពុជា ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី១០ ខែតុលានេះ ។

សកម្មភាពទន្ទ្រាននេះ ត្រូវបានធ្វើឡើង បើទោះបីជាភាគីកម្ពុជាធ្លាប់បានធ្វើការតវ៉ា និងស្នើសុំឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានមកលើបូរណភាពទឹកដីរបស់ខ្លួនកន្លងមកហើយក៏ដោយ ។ ការបន្តសកម្មភាពទន្ទ្រាននេះ ត្រូវបានគេមើលឃើញថា គឺជាការមិនគោរពទៅតាមគោលការណ៍ច្បាប់អន្តរជាតិ និងជាការរំលោភបំពានលើកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់រវាងប្រទេសទាំងពីរ ។


ការបន្តមានវត្តមាន និងសកម្មភាពរបស់កងកម្លាំងថៃ នៅក្នុងតំបន់ភូមិព្រៃចាន់នេះ មិនត្រឹមតែបង្កឱ្យមានភាពតានតឹងផ្នែកនយោបាយ និងការទូតប៉ុណ្ណោះទេ ថែមទាំងបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនផងដែរ ៕


ចែករំលែកព័តមាននេះ