ខេត្តកំពត ៖ លោក សុត ដាវី អតីតចៅអធិការវត្តភ្នំរាប និងជាអ្នកស្ថានិកកសាងតំបន់ទេសចរណ៍ភ្នំទឹកធំ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីព្រំដែនប្រទេសវៀតណាមដ៏ល្បីល្បាញ ត្រូវបានយី
អ៊ុនដាក់ហើយធ្លាក់ដាំក្បាលចុះទប់លែងជាប់ ជុំវិញការលួចលាក់ស្នេហាជាមួយស្ត្រីមេម៉ាយកូន៣ម្នាក់ ។ មិនមែនត្រឹមតែការចាប់ផ្សឹកនោះទេ តែក៏បានក្លាយជាជនជាប់ចោទក្នុងព្រហ្មទណ្ឌថែមទៀត ។

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្ត អន្ទិត សុត ដាវី រងនឹងការចោទប្រកាន់ពីបទគំរាមកំហែងកេរ្តិ៍ដោយការព្រមានបង្ហោះរូបអតីតស្រីស្នេហ៍អាក្រាតកាយដែលខ្លួនបានលួចថតក្រោយពីមានការប្រេះឆា ។ ទាក់ទិននឹងការសង្ស័យ អតីតចៅអធិការវត្តរូបនេះ យកលុយវត្តរាប់ម៉ឺនដុល្លារ ចាយទៅលើស្រីស្នេហ៍នោះ សមត្ថកិច្ចរកមិនឃើញទេ តែបើតាមអតីតចៅអធិការរូបនេះបានបញ្ជាក់ថា ក្នុងរយៈពេលដែលខ្លួនមានទំនាក់ទំនងជាមួយអ្នកស្រី ទួន ពៅធី (មេម៉ាយកូន៣) ខ្លួនបានចំណាយប្រាក់ផ្ទាល់ខ្លួនលើស្ត្រីរូបនេះ ដូចជាទិញចម្ការទុរេន ផ្តល់ដើមទុនរកស៊ី ទិញបង់រំលស់រថយន្ត និងរាល់ការចំណាយផ្សេងៗសរុបជាទឹកប្រាក់មានចំនួនប្រហែល៥ម៉ឺនដុល្លារ ។
ក្រោយស្តាប់ការសារភាពរបស់លោក សុត ដាវី អតីតចៅអធិការវត្តភ្នំរាប សមត្ថកិច្ចបានសនិ្នដ្ឋានថា ជនសង្ស័យ (សុត ដាវី) ពិតជាគំរាមកំហែងកេរ្តិ៍ «ផុសរូបភាពអាសអាភាស» ពិតប្រាកដមែន ។ សមត្ថកិច្ចបានកសាងសំណុំរឿងចោទប្រកាន់ជនរូបនេះ បញ្ជូនទៅតុលាការ នៅថ្ងៃទី៨ តុលា ២០២៥ ។
លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។ ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់អតីតចៅអធិការវត្តភ្នំរាប ជាមួយស្ត្រីជាគូកំណាន់ ហើយត្រូវបានបែកធ្លាយរឿងអាស្រូវនេះ ដោយសារស្ត្រីខាងលើ បានដាក់ពាក្យប្ដឹងមកសមត្ថកិច្ចពីបទសេពសន្ថវៈ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីលេចឮរឿងអាស្រូវខាងលើ មន្ត្រីធម្មការនិងសាសនាខេត្ត សហការជាមួយមន្ត្រីសង្ឃ និងព្រះមេគណខេត្តបាននិមន្តព្រះចៅអធិការរូបនោះឡើងមកវត្តជុំគ្រៀលដើម្បីធ្វើការសាកសួរ ។ ដោយសារមិនអាចសម្ងំស្ងៀមបាន និងដោយសារព័ត៌មានអាស្រូវនេះបានផ្ទុះពេញបណ្តាញសង្គមបង្ហោះផ្សាយព្រោងព្រាតទៅហើយ ។
ក្រោយពីធ្វើការសាកសួរ ទើបចៅអធិការដែលរងការចោទប្រកាន់ពីស្ត្រីរូបនេះបានទទួលស្គាល់ថាខ្លួនពិតជាប្រព្រឹត្តដូចការចោទប្រកាន់មែន ។ ប៉ុន្តែលោកបានសុំពន្យារពេលដល់ខែវិច្ឆិកា ដើម្បីលាចាកសិក្ខាបទ ។ សំណូមពរនេះ មន្ត្រីជំនាញនៃមន្ទីរធម្មការ និងសាសនាខេត្ត រួមនឹងមន្ត្រីសង្ឃស្រុកនិងខេត្ត ដែលធ្វើការសាកសួរក្នុងរឿងនេះបានយល់ព្រមតាមការស្នើសុំតាមសំណូមពររបស់ព្រះចៅអធិការអង្គនេះ រួចហើយលោកក៏និមន្តមកកាន់វត្តភ្នំរាបវិញ ។
ប្រភពដដែលបានបន្តថា ពេលឃើញចៅអធិការមកដល់វត្តភ្នំរាបវិញ ពុទ្ធបរិស័ទចំណុះជើងវត្តមានប្រតិកម្មមិនគាំទ្រទៅលើការដោះស្រាយដោយពន្យារពេលឲ្យនៅសង្ឃដល់ខែវិច្ឆិកានោះ
ទេ ។ រីឯបណ្ដាញសង្គម និងអ្នកសារព័ត៌មានជាច្រើនអង្គភាព ក៏បានធ្វើការចុះផ្សាយរិះគន់ចំពោះការពន្យារពេលនេះដែរ ។ ក្រោយមក នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ព្រះចៅអធិការអង្គនោះត្រូវបានមន្ទីរធម្មការ និងសាសនាខេត្ត រួមនិងមន្ត្រីសង្ឃខេត្ត បានកោះអញ្ជើញមកវត្តជុំគ្រៀលម្តងទៀត ដើម្បីធ្វើការផ្សឹកតែម្តង ដោយមិនរង់ចាំទៀតនោះទេ ។
ប្រភពឱ្យដឹងទៀតថា ក្រោយពេលផ្សឹករួច អន្ទិត សុត ដាវី ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត នាំខ្លួនឡើងរថយន្តរបស់សមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាន
នគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ។ ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ ។
ប្រភពពីការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា ដោយទទួលពាក្យបណ្ដឹងពីស្ត្រីឈ្មោះ ទ.ព.ធ ចុះថ្ងៃទី៥ សីហា ឆ្នាំ
២០២៥ ។ ស្ត្រីដើមបណ្តឹងរូបនេះ មានអាយុ៤៦ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានប្ដឹងសង្ឃនាមសុត ដាវី ព្រះជន្ម៣៨ឆ្នាំ ជាចៅអធិការវត្តភ្នំរាប ពីបទគំរាមកំហែងហែកកេរ្តិ៍ (បង្ហោះរូបភាពអាសអាភាស) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បណ្ដាលឲ្យស្ត្រីជាគូកំណាន់ មានការព្រួយបារម្ភចំពោះកិត្តិយស និងសេចក្តីថ្លៃថ្នូរដែលបណ្ដាលមកពីអំពើដែលប្រព្រឹត្តិទំនាក់ទំនងស្នេហាជាមួយសង្ឃអង្គនេះកន្លងមក ។
កម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ ក៏បានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ក្នុងហេតុការណ៍នេះ ។ តាមការឲ្យដឹងពីស្ត្រីដើមបណ្ដឹងថា ដើមហេតុដំបូងខ្លួន មានទំនាក់ទំនងជាមួយសង្ឃ សុត ដាវី ជាចៅអធិការវត្តភ្នំរាបតាមរយៈ Messenger (ឆាត)មែន ។ ដំបូងសង្ឃអង្គនេះ សុំរាប់អាន សុំធ្វើជាបងធម៌ ដោយគាត់ធ្លាប់បានប្រាប់រឿងទុក្ខលំបាកដល់លោកដែលខ្លួនជាស្ត្រីមេម៉ាយមានកូនបីនាក់រួចទៅហើយ ។
ក្រោយមក ការទំនាក់ទំនងកាន់តែជិតស្និទ្ធហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ត្រីជាបងធម៌បានទៅធ្វើបុណ្យនៅវត្តភ្នំរាប ទឹកដីទល់ដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សី ស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ពេលនោះហើយដែលបានស្គាល់ព្រះភ័ក្ត្រសង្ឃនាម សុត ដាវី ដែលមានអាយុ៣៨ឆ្នាំ ដោយផ្ទាល់ភ្នែកក្នុងនាមជាចៅអធិការវត្តភ្នំរាប ។ ក្រោយជួបគ្នាបានម្តង លោកបានសុំគាត់ធ្វើជាមិត្តភក្តិតាម Facebook ដើម្បីងាយស្រួលក្នុងការអប់រំចិត្ត តាមឆាត អ្នកស្រីក៏យល់ព្រម ។ ស្ត្រីដើមបណ្ដឹងបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា ចាប់ពីពេលនោះមក លោកបានព្យាយាមទូរស័ព្ទមកខ្លួន(តាមឆាត)ដោយប្រាប់ថា ស្រឡាញ់ខ្លួន ចង់បានជាគូអនាគតដោយសន្យាថា នឹងផ្សឹកមករៀបការជាមួយខ្លួនតាមប្រពៃណី ។
ការលួងលោមបែបនេះ មានស្ទើររាល់ថ្ងៃធ្វើឲ្យខ្លួនមានការជឿជាក់ក៏យល់ព្រមបង្កើតទំនាក់ទំនងស្នេហារវាងខ្លួនជាមួយលោកសង្ឃរហូតប្រគល់ខ្លួនប្រាណជូនលោក ។
ជាក់ស្ដែងក្នុងខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១រសៀល លោកបានមកលេងកម្សាន្តនៅទឹកឈូ លោកបានសុំចូលលេងផ្ទះរបស់ខ្លួន រួចហើយសឹងនៅផ្ទះរបស់ខ្លួនមួយយប់ ។ ក្នុងពេលនោះហើយដែលលោកបានរួមរ័កជាមួយខ្លួនបានសម្រេចរហូត៣ដងក្នុងយប់នោះ ។ លុះដល់ម៉ោង៥ទៀបភ្លឺ ទើបលោកត្រឡប់មកវត្តវិញ ។
ស្ត្រីដើមបណ្ដឹងបានបន្តប្រាប់សមត្ថកិច្ចទៀតថា ក្រោយមកទៀត លោកបានបបួលខ្លួនទៅលេងខេត្តសៀមរាបចំនួនពីរយប់៣ថ្ងៃ ។ ក្នុងដំណើរស្នាក់នៅខេត្តសៀមរាបនេះ ក៏មានឱកាសរួមរ័កបាន២ដងទៀត នឹងបានបន្តការរួមរ័កមកជាហូរហែ រហូតដល់ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ ។
ដោយមានការសង្ស័យក្នុងខ្លួនស្ត្រីដើមបណ្ដឹង ក៏បានធ្វើតេស្តទឹកនោម ទើបដឹងថា ខ្លួនមានផ្ទៃពោះ ខ្លួនក៏បានប្រាប់ដំណឹងនេះទៅលោក ។
ពេលនោះលោកលួងលោមឲ្យខ្លួនទម្លាក់ចោល ដោយលេបថ្នាំរហូតដល់ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ ។ ខ្លួនបានប្រាប់លោកថា លេបថ្នាំទម្លាក់ហើយ តែដូចជាមិនធ្លាក់សោះ ហើយខ្លួនបានប្រាប់ថា ខ្លួនមានអាការៈល្ហិតល្ហៃ អស់កម្លាំងទន់ដៃទន់ជើង ឈឺក្នុងពោះ លោកក៏បានប្រាប់ឲ្យទៅឆ្លុះអេកូដោយឱ្យអ្នកបើកបររបស់លោកអាយុ៤២ឆ្នាំ ដឹកខ្លួនទៅគ្លីនិកឯកជនមួយនៅក្នុងក្រុងកំពតដើម្បីពិនិត្យ ។
ជាលទ្ធផលទើបដឹងថា កូននោះបានស្លាប់នៅក្នុងពោះ ហើយពេទ្យឲ្យបូមចេញភ្លាម ទុកយូរមិនបានទេ ខ្លួនក៏បានប្រាប់ទៅលោកពេលនោះ លោកប្រាប់ថា បើអញ្ចឹងឱ្យពេទ្យបូមយកចេញទៅអស់ប៉ុន្មានថ្លៃប៉ុន្មានចាំលោកជាអ្នកចេញ ។ បន្ទាប់ពីយកកូនចេញរួច លោកមិនបានធ្វើតាមការសន្យាដែលថា ផ្សឹកមករៀបការជាមួយខ្លួនទេ ហើយរាល់ពេលខ្លួនសួរនាំរឿងនេះ លោកតែងតែរករឿងឈ្លោះប្រកែក ព្រមទាំងបានឆាតតាមតេឡេក្រាម ដោយគំរាមបង្ហោះរូបភាពអាសអាភាស និងរួមភេទជាមួយខ្លួនដែលលោកបានលួចថតកន្លងមក ។
តាមការឆ្លើយបំភ្លឺពីសាក្សីដែលជាអ្នកបើកបររថយន្តរបស់លោក បានបំភ្លឺជូនសមត្ថកិច្ចដូចដែលស្ត្រីដើមបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចពិតប្រាកដមែន ។ ចំពោះទំនាក់ទំនងរវាងសង្ឃនាម សុត ដាវី និងបងធម៌ស្រី ពុំមែនត្រឹមតែបងធម៌ប្អូនធម៌នោះទេ ថែមទាំងទំនាក់ទំនងស្នេហាស្រីប្រុសស៊ីជម្រៅតែម្ដង ។
តាមចម្លើយសារភាពរបស់អន្ទិត សុត ដាវី បានប្រាប់សមត្ថកិច្ចថា ពីមុនខ្លួនជាសង្ឃដោយបានបួស និងគង់នៅវត្តភ្នំរាបក្បែរទល់ដែនវៀតណាម ។ នៅឆ្នាំ២០០៤ ខ្លួនបានឡើងជាចៅអធិការវត្តភ្នំរាបនៅឆ្នាំ២០១៣ ហើយត្រូវបានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះមេគណខេត្តកំពត ធ្វើការផ្សឹកពីភេទព្រះសង្ឃមកជាគ្រហស្តវិញ នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣០នាទីព្រឹក ។ អន្ទិតដាវីបានរៀបរាប់ប្រាប់សមត្ថកិច្ចបន្តថា នៅក្នុងកំឡុងឆ្នាំ២០២២ ខ្លួនបានស្គាល់ស្ត្រីរូបនោះ អាយុ៤៦ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនបីនាក់ មានអាខោន Facebook ឈ្មោះ ស្រីពៅ ។ បន្ទាប់ពីស្គាល់គ្នាមក ស្ត្រីរូបនោះ បានឆាតជាសំឡេងរៀបរាប់អំពីបញ្ហាជីវិតរបស់គាត់ឲ្យខ្លួនស្ដាប់ពេលនោះខ្លួនក៏បានពន្យល់គាត់តាមផ្លូវធម៌អប់រំផ្លូវចិត្តជាញឹកញាប់ ។
លុះរាប់អានគ្នារយៈពេល២ទៅ៣ខែ ស្ត្រីរូបនេះ បានទៅលេងនឹងធ្វើបុណ្យនៅវត្តភ្នំរាប ពេលនោះខ្លួនបានពន្យល់អប់រំគាត់កុំឲ្យពិបាកចិត្តឲ្យមកលក់ដូរនៅតំបន់ទេសចរណ៍ភ្នំទឹកធំ ដើម្បីជីវភាពគ្រួសារ ចាំខ្លួនជាអ្នកចេញដើមទុនឱ្យ ។ ក្រោយមក ការរាប់អានគ្នាកាន់តែមានភាពស្និទ្ធស្នាល
រហូតបង្កើតទំនាក់ទំនងស្នេហាឈានដល់មានការរួមរ័កជាមួយគ្នាជាច្រើនលើក ។
តាមចម្លើយសារភាពរបស់អន្ទិត សុត ដាវី បានសារភាព នូវទង្វើដែលខ្លួនបានប្រព្រឹត្តជាមួយស្ត្រីរូបនេះ ហើយបានសារភាពប្រាប់សមត្ថកិច្ចថា តាំងពីស្ត្រីរូបនេះ ទម្លាក់កូនរួចមក ស្នេហារូបគាត់ទាំងពីរនាក់ចេះតែរកាំរកូសឈ្លោះប្រកែកគ្នារហូតមិនដែលដាច់ឡើយ ។
ដោយមិនអាចទ្រាំនឹងការធ្វើទុក្ខបុកម្នេញរបស់គាត់បន្តទៅទៀតបាន ខ្លួនក៏បានឆាតតាមតេឡេក្រាមទៅគំរាមថា បើមិនព្រមបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើខ្លួនទេ ខ្លួននឹងបង្ហោះរូបអាសភាសនិងរូបភាពរួមភេទជាមួយខ្លួនជាសាធារណៈតែម្ដង ។
អន្ទិត សុត ដាវី បានបញ្ជាក់ថា ក្នុងរយៈពេលខ្លួនមានការទំនាក់ទំនងជាមួយស្ត្រីឈ្មោះ ទួទ ពៅធី ខ្លួនបានចំណាយលុយកាក់លើគាត់ជាច្រើនដូចជាចម្ការទុរេន ដើមទុនរកស៊ី ទិញបង់រំលស់រថយន្ត និងរាល់ការចំណាយផ្សេងៗរបស់គាត់ដែលសរុបទឹកប្រាក់មានចំនួនប្រហែល៥ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ