ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកចិត្ត! ឯកឧត្តម គួច ចំរើន ចុះផ្ទាល់ដល់ផ្លូវដែលលិចទឹក ៦០ម៉ែត្រ និងជំរុញអាជ្ញាធរឱ្យត្រៀមទីទួលសុវត្ថិភាព

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក​លើក​ដែក…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​អាជ្ញាធរ​ស្រុក​លើក​ដែក ក្រុង​សំពៅ​ពូន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន និង​ស្រុក​លើក​ដែក ដែល​កំពុង​ប្រឈម​ដោយ​ទឹកជំនន់​ហូរ​កាត់​ផ្លូវ (៦០​ម៉ែត្រ​) ត​ភ្ជាប់​ពី​ក្រុង​សំពៅ​ពូន​ទៅ​ស្រុក​លើក​ដែក ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្តកណ្តាល​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​០៩ ខែតុលា​ឆ្នាំ​២០២៥ ។

រដ្ឋបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​នូវ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ ក្រុមការងារ​បាន​ប្រើប្រាស់​គ្រឿងចក្រ ដើម្បី​កាយ​ដី​លើក​ជា​ទំនប់​ទប់ កុំឱ្យ​ទឹក​ឡើង​ហូរ​កាត់​ផ្លូវ ដែល​នាំ​ឱ្យ​ដាច់​ផ្លូវ ខូចខាត​មិន​អាច​ធ្វើ​ដំណើរ​បាន ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ ស្ថានភាព​ទឹក​ជំ​នួន​នេះ​ដែរ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ៖ ដោយ​ទឹកជំនន់​នៅ​ឆ្នាំ​នេះ មានការ​កើនឡើង​ខ្ពស់​ដូចនេះ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ។

ពិសេស​ត្រូវ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​មាត់ទឹក សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេង​តូច​ៗ និង​ចាស់ជរា មិន​ត្រូវ​ឱ្យ​ពួក​គាត់​នៅ​ក្បែរ​ទឹក ឬ​ទៅ​លេង​ទឹក​ឡើយ ដែល​អាច​បណ្ដាល​ឱ្យ​ពួក​គាត់​លង់ទឹក ឬ​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ពិសេស​ត្រូវ​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស និង​ត្រូវ​ត្រៀម​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ សម្រាប់​ជូន​ពួក​គាត់​នៅ​ពេល​ដែល​មានការ​ជន​លិច​ណាមួយ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

ក្រៅពី​នេះ​អាជ្ញាធរ​ក្រុង​-​ស្រុក​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ពួក​គាត់​រក្សា​នូវ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​បង្ការ​នូវ​ជំងឺឆ្លង​នានា​ក្នុង​កំឡុង​ពេល​នៃ​គ្រោះ​ទឹកជំនន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ