ខេត្តត្បូងឃ្មុំ ៖ ក្នុងរយៈពេលតែមួយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ មានបុរសម្នាក់ និងសង្ឃ២អង្គ លង់ទឹកស្លាប់ និងអនិច្ចធម្មនៅ២កន្លែងផ្សេងគ្នា ក្នុងនោះ នៅស្រុកកងមាស ខេត្តកំពង់ចាម១ករណី និងនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ១ករណី ។ រហូតមកដល់វេលាម៉ោងជិត៩យប់ថ្ងៃដដែល សង្ឃ២អង្គដែលលង់ទឹកនោះនៅមិនទាន់រកសពឃើញនៅឡើយទេ។

ចំពោះករណីនៅស្រុកកងមាស ត្រូវបានលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកឲ្យដឹងថា ករណីបុរសម្នាក់លង់ទឹកស្លាប់នេះ កើតឡើងនៅបឹងវាលេង ក្នុងភូមិអន្លង់អកកើត ឃុំសូរគង នាវេលាម៉ោងប្រមាណ២នាទីរសៀល ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម រូបលោកបានចាត់ឲ្យកម្លាំងផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ សហការជាមួយនគរបាលប៉ុស្តិ៍សូរគង ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ និងបានពិនិត្យសពដែលបានស្រង់ចេញពីក្នុងបឹង ។ ជនរងគ្រោះឈ្មោះ ម៉ុន សាម៉ន អាយុ៣២ឆ្នាំ រស់នៅភូមិសំរោង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ។
តាមការបំភ្លឺថា នៅវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ជនរងគ្រោះបានចុះហែលទឹកលេង លុះហែលបានចម្ងាយប្រហែល៣០ម៉ែត្រពីច្រាំង ស្រាប់តែលិចបាត់តែម្ដង ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បាននាំគ្នាចេញទូកទៅជួយរក តែរកមិនឃើញ ហើយរហូតដល់ម៉ោងប្រមាណ៤និង៥០នាទីល្ងាចទើបរាវរកឃើញ និងបានស្លាប់ទៅហើយ ។

ចំពោះករណីនៅស្រុកត្បូងឃ្មុំវិញ ត្រូវបាននគរបាលស្រុកនេះឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នោះ វេលាម៉ោងប្រមាណ២និង២០នាទីរសៀល មានអ្នកភូមិបានរាយការណ៍មកនគរបាលប៉ុស្តិ៍ជីរោទ៍ទី២ថា មានករណីលិចទូកបណ្តាលឱ្យព្រះសង្ឃធ្លាក់ចូលទឹក នៅចំណុចស្ពានមាត់ឃ្មង់ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទ៍ទី២ ។ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ជីរោទ៍ទី២ និងអាជ្ញាធរមូលដ្ឋានបានទៅដល់កន្លែងកើត ។
តាមការបំភ្លឺរបស់ភិក្ខុ រ័ត្ន ដុល្លា ព្រះចៅអធិការវត្ត និងភិក្ខុ នួន វ៉ារីន ជាសង្ឃគង់នៅវត្តទួលវិហារ បានបំភ្លឺដូចគ្នាថា នៅថ្ងៃនោះមានសង្ឃ៤អង្គគិតរួមទាំងព្រះអង្គផង និងក្មេងៗចំនួន៣នាក់សរុប៧អង្គ/នាក់ បានជិះទូកលេងរហូតដល់ស្ពានមាត់ឃ្មង់ ដែលចម្ងាយប្រហែល ១០០ម៉ែត្រ ទើបបើកទូកត្រឡប់មកវិញ ។

ពេលមកដល់ក្រោមស្ពានមាត់ឃ្មង់ ដោយកម្លាំងទឹកហូរខ្លាំងពេកធ្វើឱ្យទូកបើកទៅមុខមិនរួច ក៏បណ្តាលឱ្យបុកនឹងសសរស្ពានបែកទូក ហើយអ្នកនៅលើទូកធ្លាក់ចូលក្នុងទឹកទាំងអស់ ក្នុងនោះព្រះសង្ឃ២អង្គនិងក្មេងៗ៣នាក់តោងទូកជាប់ ចំណែកសង្ឃ ២អង្គទៀតក៏រសាត់តាមទឹកលិចបាត់មិនដឹងទៅដល់ទីណា ។
សង្ឃ២អង្គដែលអណ្ដែតតាមទឹកនោះ ត្រូវបានសមត្ថកិច្ចតាមរកចាប់តាំងពីវេលាម៉ោង៩យប់ ហើយរហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅតែរកសពមិនទាន់ឃើញនៅឡើយ ហើយក៏ទាន់ដឹងថា សពរសាត់ទៅដល់កន្លែងណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ