ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ​ស្ទើរ​១០០% ៖ អាជ្ញាធរ​ជាតិ​អប្សរា ស្ដុក​ទឹក​ពេញ​អាង និង​បារាយណ៍​សំខាន់​ៗ​ត្រៀម​ជាង​៧០​លាន​ម៉ែត្រគុប​សម្រាប់​រដូវប្រាំង​ខាង​មុខ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដូវវស្សា​នឹង​ចាប់ផ្តើម​អស់​ឥទ្ធិពល នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ គឺ​មាន​ន័យ​ថា ភ្លៀង​ក៏​នឹង​លែង​មាន​បន្ត​ទៀត ហើយ​រដូវរំហើយ​ក៏​នឹង​ចូល​មក​ដល់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដូវវស្សា​នឹង​ចាប់ផ្តើម​អស់​ឥទ្ធិពល នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ​នេះ គឺ​មាន​ន័យ​ថា ភ្លៀង​ក៏​នឹង​លែង​មាន​បន្ត​ទៀត ហើយ​រដូវរំហើយ​ក៏​នឹង​ចូល​មក​ដល់ ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រមូល​ទឹក​ស្ដុក​ពេញ​អាង ឬ​បារាយណ៍​សំខាន់​នានា ស្ទើរតែ​១០០​ភាគរយ​ហើយ សម្រាប់​ត្រៀម​ប្រើប្រាស់​នៅ​ក្នុង​រដូវប្រាំង​ខាង​មុខ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ។

លោក ភឿន សុ​ឃី​ម ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ បានឱ្យ​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មាន​សភាព​ធូរស្រាល​ខ្លាំង​ហើយ បន្ទាប់​ពី​រាំងភ្លៀង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ជាមួយ​គ្នា​នោះ ក្រុមការងារ​គ្រប់គ្រង​ទឹក បាន និង​កំពុង​បញ្ចូល​តាម​អាង​ស្ដុក​ទឹកធំ​ៗ ដោយ​រំពឹង​ថា​នៅ​ចុងខែ​តុលា​នេះ​នឹង​ពេញ​ទាំងស្រុង តាម​បារាយណ៍ និង​ក​សិន្ធុ​សំខាន់​ៗ​សរុប​ប្រហែល​៧០​លាន​ម៉ែត្រគុប សម្រាប់​ទុក​ប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ ។ ដូច​នៅ​តំបន់​ដទៃ​ទៀត​ដែរ ដោយសារ​រង​ឥទ្ធិពល​ព្យុះ​នៅ​ចុងខែ​កញ្ញា​កន្លង​ទៅ បណ្ដាល​ឱ្យ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹកធ្លាក់​ពី​ភ្នំ​គូលែន​យ៉ាង​គំហុក​បំផុត​មិន​ធ្លាប់​មាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

យ៉ាងណា អ្នកជំនាញ​ទឹក​លោក ភឿន សុ​ឃី​ម អះអាង​ថា ក្រុមការងារ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ដោះស្រាយ និង​គ្រប់គ្រង​ស្ថានភាព​ទឹកបាន​ល្អ​ប្រសើរ ដោយ​មិន​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​ប្រាសាទ គឺ​ស្ថានភាព​ទឹក​ជន់​លិច​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​បាន​បញ្ជៀ​ស​តាម​ទ្វារ​ទឹក​នានា ទម្លាក់​ទៅ​ផ្នែក​ខាងក្រោម​នៃ​បឹង​ទន្លេសាប ។

ជាមួយ​គ្នា​នេះ លោក ភឿ​ង សុ​ឃី​ម បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ពិសេស​នៅ​តាម​មាត់​ប្រឡាយ​ទឹក​បុរាណ មិន​ត្រូវ​ចាក់​ដី​លុប​ដោយ​គ្មាន​បច្ចេកទេស លើ​ប្រព័ន្ធ​ទឹក​បុរាណ​ទាំងនោះ​ទេ ដែល​វា​បណ្ដាល​ឱ្យ​ស្ទះ​មាត់ទឹក និង​ជន់​លិច​ជាដើម​។
ជា​រៀង​រាល់​ឆ្នាំ បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ទឹក​ក៏​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផង​ដែរ ។

យ៉ាងណាមិញ ការងារ​គ្រប់គ្រង​ទឹក​ក៏​ដូច​គ្នា​ដែរ លោក ភឿន សុ​ឃី​ម ពន្យល់​ថា ក្រុមការងារ​របស់​លោក​បាន​បន្ត​តាមដាន​ស្ថានការណ៍​ជាប់ និង​រៀន​បាន​បទ​ពិសោធន៍​ផ្សេង​ៗ ដើម្បី​ការងារ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ជាក់ស្ដែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ