សង្គ្រាមអ៊ុយក្រែន ៖ តាមកងទ័ពអាកាសអ៊ុយក្រែនថា កាលពីយប់ថ្ងៃទី៧មកទី៨តុលា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើដ្រូន១៨៣គ្រឿង ក្នុងនោះ១៥៤គ្រឿងត្រូវបាញ់ទម្លាក់។ តាមបណ្ដាញសង្គមX ប្រតិបត្តិករថាមពលសំខាន់របស់អ៊ុយក្រែនអះអាងថា រុស្ស៊ីបានវាយប្រហារជាពិសេសមជ្ឈមណ្ឌលអគ្គិសនីមួយបណ្ដាលឲ្យនិយោជិត២នាក់រងរបួស និងបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។
ចំណែកអភិបាលតំបន់ឈ័រនីហ្គីវភាគខាងជើងអ៊ុយក្រែនលោកវីយ៉ាតឆេស្លាវឆាអូសគូសបញ្ជាក់ថា បណ្ដាហេដ្ឋារចនាសម្ព័ន្ថផ្លូវដែក ឃ្លាំងប្រេងមួយនិងទីតាំងថាមពលមួយ រងការវាយប្រហារក្នុងតំបន់នោះ បណ្ដាលឲ្យមានការដាច់ភ្លើង។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រីអ៊ីអ៊ូលីយ៉ាស្វីរីដេនកូបរិហារតាមបណ្ដាញសង្គមX ថា រុស្ស៊ីបានបង្កវិបត្តិភ័យជាប់ជានិច្ច ដើម្បីធ្វើឲ្យអ៊ុយក្រែនដាច់ភ្លើង គ្មានអ្វីកម្ដៅពេលរដូវរងាជិតមកដល់។ កងទ័ពរុស្ស៊ីវាយប្រហារបណ្ដាទីតាំងថាមពល ពិសេសទីតាំងអគ្គិសនីអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២មក នាំឲ្យមានការដាច់ភ្លើងទ្រង់ទ្រាយធំជាច្រើនលើក គ្មានអ្វីសម្រាប់កម្ដៅសម្រាប់រដូវរងា។
ចំណែកប្រទេសរុស្ស៊ីជាអ្នកផលិតប្រេងឆៅធំទី៣លើពិភព ក្នុងតំបន់មួយចំនួនបែរជាខ្វះប្រេងឥន្ធនៈប្រើ មកពីការវាយប្រហារដោយដ្រូនអ៊ុយក្រែន ប្រឆាំងបណ្ដាទីតាំងប្រេងរបស់ខ្លួន ដែលការវាយប្រហារបែបនេះ ត្រូវបានបង្កើន ចាប់តាំងពីខែសីហាមក ។
ការវាយប្រហារដោយដ្រូនអ៊ុយក្រែនមួយកើតមានកាលពីយប់ថ្ងៃទី៣មកទី៤តុលា ប្រឆាំងរោងចក្រចម្រាញ់ប្រេងកាតគីរីជី ជារោងចក្រសម្រាញ់ប្រេងកាតសំខាន់បំផុតមួយរបស់រុស្ស៊ីនៅតំបន់ក្រុងសាំងប៉េទ័រស្បួក។ រោងចក្រចម្រាញ់ប្រេងកាតធំនោះធ្លាប់រងការវាយប្រហារម្ដងរួចមកហើយ ដោយដ្រូនអ៊ុយក្រែនកាលពីពាក់កណ្ដាលខែកញ្ញា៕
ចែករំលែកព័តមាននេះ