សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រកាសរួចហើយពីជ័យជម្នះនៃផែនការសន្តិភាពរបស់លោកសម្រាប់ជ្រោយហ្កាហ្សា។ លោកប្រកាសនាយប់ថ្ងៃទី៨មកទី៩តុលាថា អ៊ីស្រាអែល និងហាម៉ាស់ព្រមទទួលយកដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា ។

ដំណាក់កាលនោះតម្រូវឲ្យមានការដោះដូរពួកអ្នកទោសប៉ាឡេស្ទីននិងការដោះលែងចំណាប់ខ្មាំងទាំងអស់ ព្រមទាំងឲ្យបើកច្រកចូលនៃជំនួយមនុស្សធម៌មកកាន់ជ្រោយហ្គាហ្សាដែលរងការបំផ្លាញខ្ទេចដោយសង្គ្រាម។ ប្រធានាធិបតីអាមេរិកគូសបញ្ជាក់ថា ប្រការនោះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវដោះលែងក្នុងពេលដ៏ឆាប់ខាងមុខ។ ចំណែកអីុស្រាអែលនឹងដកកងទ័ពរបស់ខ្លួនចេញរហូតដល់ខ្សែបន្ទាត់ដែលបានព្រមព្រៀងគ្នា។
នោះជាដំណាក់កាលដំបូងសំដៅទៅរកសន្តិភាពដ៏រឹងមាំ ស្ថិតស្ថេរនិងជានិរន្តមួយ។ វាជាមហាទិវាមួយសម្រាប់ពិភពអារ៉ាប់និងអ៊ិស្លាម អ៊ីស្រាអែល គ្រប់ប្រទេសទាំងអស់នៅជុំវិញ និងសហរដ្ឋអាមេរិកផងដែរ។ យើងសូមអរគុណចំពោះអាជ្ញាកណ្ដាលកាតា អេហ្ស៊ីបនិងតួកគីដែលបានធ្វើការជាមួយយើង ដើម្បីឲ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងមិនធ្លាប់មានពីមុនមកនេះអាចកើតមានបាន។ ព្រះជាម្ចាស់ពិតជាជួយដល់ស្ថាបនិកសន្តិភាព។ លោកត្រាំថ្លែងបែបនេះនៅការិយាល័យពងក្រពើហើយចេញផ្សាយតាមបណ្ដាញសង្កមTRUTH SOCIAL របស់លោក។
ចំណែកនាយករដ្ឋមន្ត្រីអីុស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូវិញ ក្នុងសេចក្ដីប្រកាសខ្លីមួយចេញផ្សាយដោយខុន្ទកាល័យរបស់លោកបានសន្យាថា ជាមួយការជួយរបស់ព្រះជាម្ចាស់យើងនឹងនាំចំណាប់ខ្មាំងទាំងអស់មកកាន់ផ្ទះសម្បែងវិញ។ លោកអះអាងទៀតថា លោកនឹងរួមប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីអនុម័តកិច្ចព្រមព្រៀងស្ដីពីហ្គាហ្សា។

បន្ទាប់ពីការប្រកាសនោះក្រុមហាម៉ាស់បានសម្ដែងការអបអរសាទរ ដែលសម្រេចបានកិច្ចព្រមព្រៀងមួយដែលគ្រោងបញ្ចប់សង្គ្រាមនៅជ្រោយហ្កាហ្សា ក្នុងឱកាសនៃការចរចាដោយប្រយោលជាមួយអ៊ីស្រាអែលនៅអេហ្ស៊ីប ។ ទន្ទឹមនឹងនេះដែរក្រុមហាម៉ាស់អំពាវនាវដល់លោកដូណាល់ត្រាំ និងបណ្ដាប្រទេសដែលធានាកិច្ចព្រមព្រៀង ចាប់បង្ខំអ៊ីស្រាអែលឲ្យអនុវត្តពេញលេញខ្លឹមសារនៃកិច្ចព្រមព្រៀង និងមិនបណ្ដោយឲ្យប្រទេសនេះអនុវត្តបំពានចំពោះអ្វីដែលខ្លួនបានព្រមព្រៀង។
ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនោះគ្រោងឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងនៅរស់២០នាក់តែមួយលើក ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត២០០០នាក់។ ការដោះដូរគ្នានោះត្រូវធ្វើអំឡុងពេល៧២ម៉ោង ក្រោយចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀង ដែលការចុះហត្ថលេខាធ្វើនាថ្ងៃទី៩ តុលា។
តាមក្រុមហាម៉ាស់ថា ចំណាប់ខ្មាំងត្រូវដោះលែងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន២៥០នាក់ ដែលទទួលការកាត់ទោសជាប់គុកអស់មួយជីវិត និងការដោះលែងមនុស្ស១៧០០នាក់ទៀត ដែលអ៊ីស្រាអែលចាប់ខ្លួនតាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងសទី៧តុលាឆ្នា២០២៣មក។

ប្រធានាធិបតីអាមេរិកមុននេះបន្តិចប្រកាសពីលទ្ធភាពទៅបំពេញទស្សនកិច្ចមួយនៅនៅមជ្ឈឹមបូព៌ានាចុងសប្ដាហ៍នេះ ដោយលោកយល់ថាកិច្ចព្រមព្រៀងមួយកាន់តែជិតសម្រេចបានហើយ។ លោកលើកពីប្រទេសអេហ្ស៊ីបសម្រាប់ទស្សនកិច្ចនោះរបស់លោក ហើយក៏មិនបដិសេធដែរដែលលោកអាចទៅកាន់ជ្រោយហ្គាហ្សា។
ចំណែកអគ្គលេខាធិការអ.ស.បលោកអានតូនីញ៉ូហ្គូទ័ររេសវិញ សម្ដែងការអបអរសាទរចំពោះកិច្ចព្រមព្រៀងនោះ ដោយអំពាវនាវដល់គ្រប់ភាគីដែលទាក់ទិន ឲ្យគោរពពេញលេញខ្លឹមសារនៃកិច្ចព្រមព្រៀង។ លោកថាចំណាប់ខ្មាំងទាំងអស់ត្រូវតែដោះលែង ដោយថ្លៃថ្នូរ។ កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ត្រូវទទួលបាន។ ការប្រយុទ្ធត្រូវតែបញ្ចប់។ លោកបន្តថាអ.ស.បត្រៀមបង្កើនជំនួយមនុស្សធម៌និងចូលរួមក្នុងការកសាងដែនដីប៉ាឡេស្ទីនដែលរងការបំផ្លាញខ្ទេចអស់ឡើង
វិញ៕
ចែករំលែកព័តមាននេះ