ប្រទេសរុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាកាលពីថ្ងៃទី២ តុលា លើក្រិត្យមួយ ដែលសំដៅជម្រុញដល់ការរឹបអូសភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនបរទេស។
តាមក្រិត្យនោះវិមានក្រឹមឡាំងគ្រោងរឹបអូសភាគហ៊ុនបរទេសជាច្រើននៅរុស្ស៊ី ក្នុងក្របខណ្ឌនៃយន្តការថ្មីនៃការធ្វើឯកជនភាវូបនីយកម្ម។ ប្រភពជិតដិតមួយនឹងវិមានក្រឹមឡាំងបានឲ្យកាសែតអាមេរិក BLOOMBERG ដឹងថា ក្រុងមូស្គូចាត់វិធានការបែបនេះ ជាការឆ្លើយតប ចំពោះបណ្ដាទណ្ឌកម្មរបស់ពួកលោកខាងលិច។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សហភាពអឺរ៉ុបបានពិភាក្សាគ្នា ពីលទ្ធភាពប្រើប្រាស់ធនធាននៃធនាគារកណ្ដាលរុស្ស៊ី ដែលបង្កកទុកសម្រាប់យកទៅជួយអ៊ុយក្រែន ដែលកំពុងតស៊ូប្រឆាំងការការលុកលុយរបស់រុស្ស៊ី ។ ភាគហ៊ុនរបស់រដ្ឋរុស្ស៊ីដែលមានប្រមាណជាង២០០ពាន់លានអឹរ៉ូ ត្រូវបានបង្កកទុកនៅក្នុងបណ្ដាប្រទេសនៃសហភាពអឹរ៉ុប។
សហគ្រាសលោកខាងលិចច្រើនរយពេលនេះកំពុងដំណើរការនៅរុស្ស៊ី ទោះបីមួយចំនួនបានផ្អាកសកម្មភាព ក្រោយរុស្ស៊ីលុកលុយចូលអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២មកក្ដី។ ក្នុងចំណោមសហក្រាសលោកខាងលិចដែលនៅដំណើរការក្នុងប្រទេសរុស្ស៊ី មានដូចជា UNICREDIT RAIFFEISEN BANK INTERNATIONAL PEPSICO និង MONDELEZ INTERNATIONAL ជាដើម ។
តាមBLOOMBERGថា ក្រិត្យរបស់លោកពូទីនកាត់បន្ថយពេល១០ថៃ្ងសម្រាប់ការវាយតម្លៃជាមុន លើការលក់បណ្ដាភាគហ៊ុន និងជម្រុញការចុះបញ្ជីកម្មសិទ្ធជាសហគ្រាសរដ្ឋ ធនាគារPROMSVYAZBANK ដែលទទួលបន្ទុកខាងការទូរទាត់ប្រាក់ ។
កាលពិថ្ងៃទី២តុលាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ាហ្សាខារ៉ូវ៉ាចាត់ទុកជាការប្លន់យក គម្រោងរបស់សហភាពអឺរ៉ុបទាក់ទិននឹងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកទុក។ លោកស្រីថា រុស្ស៊ីមានវិធីសាស្ត្រគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងចំណាច់ការរបស់ពួកគេ និងមានលទ្ធភាពតបតវិញខាងនយោបាយនិងសេដ្ឋកិច្ចដែលសមស្រប។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាងលោកឌីមីឌ្រីប៉េស្កូវថ្លែងនាឱកាសនេះថា រុស្ស៊ីនឹងឆ្លើយតបវិញដោយធានាផលប្រយោជន៍របស់ខ្លួន៕
ចែករំលែកព័តមាននេះ