ការនាំចេញកាហ្វេវៀតណាមកើនឡើង៦១% ចំពេលដែលកាហ្វេពិភពលោកឡើងថ្លៃ
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.២៣លានតោន មានតម្លៃ ៦,៩៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង ឆ្នាំនេះ…
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.២៣លានតោន មានតម្លៃ ៦,៩៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង ឆ្នាំនេះ…
ទីក្រុងហាណូយ ៖ ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន ១.២៣លានតោន មានតម្លៃ ៦,៩៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូង ឆ្នាំនេះ ហើយជាមួយនឹងតម្លៃកាហ្វេពិភពលោកកើនឡើង ការនាំចេញរបស់វៀតណាមបានកើនឡើង ៦១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងរបាយការណ៍ពីនាយកដ្ឋាននាំចូល-នាំចេញរបស់វៀតណាម បានឱ្យដឹងថា នៅក្នុងចំណោមការនាំចេញតម្លៃ ៦,៩៨ពាន់លានដុល្លារអាមេរិកនោះ កាហ្វេរ៉ូប៊ូស្តា (Robusta) មានចំណែកច្រើនជាងគេពោលចំនួន ៤,៩ពាន់លានដុល្លារ បន្ទាប់មកគឺកាហ្វេកែច្នៃ និងអារ៉ាប៊ីកា (Arabica)។ តម្លៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅដើមឆ្នាំនេះ មុនពេលធ្លាក់ចុះមកនៅកម្រិតដូចគ្នា កាលពីឆ្នាំមុន ពោលចាប់ពីខែឧសភាដល់ខែកក្កដា ហើយស្ទុះងើបឡើងវិញម្តងទៀតក្នុងខែសីហា និងខែកញ្ញា។
កិច្ចសន្យាកាហ្វេរ៉ូប៊ូស្តា សម្រាប់ការចែកចាយនៅខែវិច្ឆិកា នៅទីផ្សារក្រុងឡុងដ៍ ចក្រភពអង់គ្លេស ឥឡូវនេះមានតម្លៃ ៤ ២០០ដុល្លារក្នុង១តោន ហើយកិច្ចសន្យាកាហ្វេអារ៉ាប៊ីកា សម្រាប់ការចែកចាយខែធ្នូ នៅទីក្រុងញូវយ៉កមានតម្លៃ ៨ ២៥៨ដុល្លារក្នុង១តោន។
តម្លៃសកលក៏បានកើនឡើងនៅឆ្នាំនេះ ដោយសារតែប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ និងការរំខានលើការផ្គត់ផ្គង់នៅក្នុងប្រទេសប្រេស៊ីល និងឥណ្ឌូណេស៊ី ដោយសារផលប៉ះពាល់នៃគំរូអាកាសធាតុបាតុភូតអ៊ែលនីណូ (El Nino)។
សមាគមកាហ្វេ និងកាកាវរបស់ប្រទេសវៀតណាម បានឱ្យដឹងកាលពីថ្មីៗនេះថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ដែលធ្វើឱ្យកាហ្វេពីប្រទេសនេះ មានតម្លៃថ្លៃជាងនៅអាមេរិក។ នេះបង្ហាញអំពីឱកាសដ៏សំខាន់សម្រាប់កាហ្វេរបស់វៀតណាមក្នុងការពង្រីកទីផ្សារទីនោះ ដែលជាអ្នកនាំចូលធំជាងគេមួយរបស់ពិភពលោក។
វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសនាំចេញកាហ្វេមួយចំនួន ដែលត្រៀមរួចជាស្រេចដើម្បីបំពេញតាមស្តង់ដារថ្មី កំណត់ដោយសហភាពអឺរ៉ុប ដោយនឹងត្រូវអនុវត្តចាប់ពីចុងឆ្នាំ ២០២៦ តទៅ។
ទោះយ៉ាងណាក៏ដោយ បណ្តាអ្នកនាំចេញបានចង្អុលបង្ហាញពីបញ្ហាប្រឈមរយៈពេលវែងមួយចំនួន ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកែច្នៃ ក៏ដូចជាការរក្សាគុណភាពឱ្យបានជាប់លាប់ និងការកសាងម៉ាកយីហោជាតិជាសកល។ ពួកគេជឿថា ពន្ធគយរបស់អាមេរិក នឹងក្លាយជាកត្តាសំខាន់ក្នុងការរៀបចំទស្សនវិស័យ សម្រាប់ការនាំចេញកាហ្វេរបស់វៀតណាម៕ ប្រភព ៖ Vietnam Express
ចែករំលែកព័តមាននេះ