ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចុះហត្ថលេខា​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន​០៦​ជាប់​ព្រំដែន ប្រើប្រាស់​ថវិកា​សរុប​៥​លាន​ដុល្លារ​អា​មេ​រិ​ក

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ តាង​នាម​ឱ្យ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ តាង​នាម​ឱ្យ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា បោសសម្អាត​មីន គាំទ្រ​ពី «​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥» ដែល​ការ​ចុះហត្ថលេខា​នេះ ប្រព្រឹត្តិ​ទៅ​រវាង​អាជ្ញាធរ​មីន ជាមួយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ។

ពិធី​ចុះហត្ថលេខា​នេះ នឹង​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី មាន​មីន​ចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការ​មីន ក្នុង​ខេត្ត​ចំនួន ០៦ រួម​មាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និង​ខេត្តពោធិ៍សាត់ ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​៥​លាន​ដុល្លារ​សហ​អា​មេ​រិ​ក ។

ក្នុង​ពិធី​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​លើក​ឡើង​ថា ថ្ងៃនេះ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​មួយទៀត សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ហើយ​ក៏​ជា​តំណាង​ឱ្យ​ភាព​ជឿជាក់​រួម​គ្នា ដែល​ថា ការងារ​បោស សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នឹង​បម្រើ​ដល់​សុខ​សន្តិភាព និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ ។

ឯកឧត្តម​បញ្ជាក់​ទៀត​ថា ពិធី​ចុះហត្ថលេខា​នេះ មិន​ត្រឹមតែ​ជា​តំណាង​ឱ្យ​ភាព​ជា​ដៃគូ​រវាង​ស្ថាប័ន និង​ស្ថាប័ន និង​ការ​បំពេញបែបបទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​តំណាង​ឱ្យ​ការ​សន្យា ការ​ប្តេជ្ញា​ចិត្ត និង​ការ​ធ្វើការ​រួម​គ្នា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ខ្ពស់​មួយ គឺ​កម្ពុជា​រួច​ចាក​ផុត​ពី​គ្រោះ ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏​ដូច​ជា​ការ​បញ្ចា​ក់​បន្ថែម នូវ​អ្វី​ដែល សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្តល់ នូវ​ជំនឿ​ទុកចិត្ត និង​ជា​ការ​អនុវត្ត​ដោយ​មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឱ្យ​សហគមន៍ ទទួល​បាន​នូវ​ស្នាមញញឹម និង​ដី​ប្រកបដោយ​សុវត្ថិភាព តាម​រយៈ​គុណ​តម្លៃ នៃ​លទ្ធផល​ទទួល​បាន​ពី​ការ​បោសសម្អាត​មីន ។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ គូសបញ្ជាក់​ទៀត​ថា កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​នូវ​ការ​ឈឺចាប់ និង​ទុក្ខវេទនា ដោយសារ​សង្គ្រាម​អស់​ជា​ច្រើន​ទសវត្សរ៍ ដែល​បាន​ឆក់​ប្លន់​អាយុជីវិត និង​ដៃជើង​របស់​ប្រជាជន​របស់​ខ្លួន ព្រមទាំង​បដិសេធ​មិន​ឱ្យ​ប្រជាជន​អាច​ប្រើប្រាស់​ដី​សម្រាប់​ការ​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​ខ្ទេចខ្ទាំ នូវ​ក្តី​សុ​បិ​ន្ត​របស់​ប្រជាជន ទៀង​ផង​។ ទោះបី​សកម្មភាព​មីន មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ កម្ពុជា​នៅ​តែ​បន្ត​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជុំវិញ​ពិភពលោក ដែល​មាន​ផល​ប៉ះពាល់​ដោយសារ​មីន​ខ្ពស់​ជាងគេ ដែល​បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​សល់​ផ្ទៃដី​ចំនួន ១៧២៣ គីឡូ​ម៉ែត្រការ៉េ បន្ត​រង​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​នោះ​ផ្ទៃដី​មាន​មីន​ចំនួន ៥៣១ គីឡូ​ម៉ែត្រការ៉េ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បន្ត​ទៀត​ថា ឃាតករ​លាក់​មុខ​ទាំងនេះ នៅ​តែ​បន្ត​លាក់ខ្លួន​នៅ​ក្រោម​ដី បន្ត​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បង្អាក់​ដល់​ភាព​រុងរឿង​របស់​កម្ពុជា​។ ក៏​ប៉ុន្តែ ទោះបី​មាន​ភាព​ភាព​លំបាក​យ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​តែ​បន្ត​មាន​ក្តី​សង្ឃឹម ដែល​ក្តី​សង្ឃឹម​នេះ ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មីន រួម​ជាមួយ​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ និង​ការងារ​ពោរពេញ​ដោយ​សេចក្តី​ក្លាហាន​របស់​អ្នក​ដោះ​មីន និង​សាមគ្គីភាព​របស់​សហគមន៍​អន្តរជាតិ ។

ទន្ទឹម​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លើក​ឡើង​ថា កម្ពុជា បាន​បោះ ជំហាន​យ៉ាង​សំខាន់​ឆ្ពោះទៅ​ស​ម្រ​ច​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ជាតិ និង​ភាព​ជា​ម្ចាស់​របស់​កម្ពុជា​លើ​វិស័យ​សកម្ម ភាព​មីន ជាមួយនឹង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ប្រកបដោយ​បរិ​យា​បន្ន និង​សកម្មភាព​បោសសម្អាត​មីន​ដោយ​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​មនុស្ស​ជា​អាទិភាព​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការងារ​បោសសម្អាត​មីន ដែល​មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​និង​កម្ទេច​ចោល​នូវ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ការ​ស្តារ​នូវ​ភាព​ថ្លៃថ្នូរ កសាង​ឡើង​វិញ​នូវ​សហគមន៍ និង​ក្តី​សង្ឃឹម​របស់​ប្រជាជន​។

តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​កោតសរសើរ​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​សកម្មភាព​មីន និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​នាំ​ឱ្យ​កម្ពុជា​អាច​ពង្រឹង​នូវ​សមត្ថភាព​ជាតិ ក៏​ដូច​ជា​លើក កម្ពស់ និង​ចែករំលែក​នូវ​ចំណេះដឹង និង​បណ្តុះ បណ្តាល​លើ​វិស័យ​សកម្មភាព​មីន​។ ជាង​នេះ​ទៅ​ទៀត បាន​រួមចំណែក​លើកកម្ពស់​ភាព​អ្នកដឹកនាំ​របស់​កម្ពុជា និង​ឈានមុខ​គេ​លើ​ឆាក​អន្តរជាតិ សម្រាប់​វិស័យ​សកម្មភាព​មីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ