រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវជាតិលេខ៣ ក៏ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ១គ្រឿង បើកបរលឿនទៅដល់បុកពេញទំហឹង បណ្ដាលឲ្យគាត់ខ្ទាតប៉ើងបោកផ្ទប់កញ្ចក់រថយន្ត រួចធ្លាក់បោកផ្ទប់ថ្នល់ ១តង់ទៀត រងរបួសធ្ងន់ធ្ងរ បន្ទាប់មកក្រុមសង្គ្រោះអង្គភាព៧១១ ស្ថិតនៅជិតនោះ បានដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនាវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ជិតកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាជនរងគ្រោះរូបនោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់ពាក់អាវយឺតដៃខ្លី ពណ៍លឿង លាយខ្មៅ និងស្លៀកខោជើងខ្លីពណ៍ស។ ដោយឡែករថយន្តម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AD-0826 បើកបរដោយបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានដើរឆ្លងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច ហើយពេលឆ្លងផុតសួនច្បារពុះចែកទ្រូងផ្លូវបានបន្តិច ក៏ស្រាប់តែរថយន្តម៉ាកកាមរីបាឡែន ១គ្រឿងខាងលើ បើកបរក្នុងល្បឿនលឿន និងក្នុងធ្វើដំណើរក្នុងទិដៅពីជើងទៅត្បូងទៅដល់ បុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទាតប៉ើងផ្លោងបោកផ្ទប់ជាមួយកញ្ចក់មុខរថយន្ត រួចធ្លាក់បោកផ្ទប់ជាមួយថ្នល់ ១តង់ទៀត រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង ចំណែករថយន្តបានឈប់នៅជិតនោះ មិនបានបើករត់ឡើយ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ភ្លាមៗនោះក្រុមសង្គ្រោះអង្គភាព៧១១ ដែលស្ថិតនៅជិតនោះស្រាប់ បានជួយនាំយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅនាំយករថយន្តទៅរក្សាទុក រង់ចាំប្រគល់ទៅឲ្យនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៀត ៕



ចែករំលែកព័តមាននេះ