ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ខឹង​ប្ដី ដើរ​លេង​យប់ ទូរ​សព្ទ​អត់​លើក នាង​ប៉ង​លោត​ពីលើ​ស្ពាន​អាកាស​មហាវិថី​ស៊ី ជី​ន​ពីង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ខឹង​ប្ដី​របស់​ខ្លួន ដើរ​លេង​យប់​ជ្រៅ អត់​ចូល​ផ្ទះ​ហើយ ពេល​នាង​ទូរ​សព្ទ​រក​ចូល​ច្រើន​ដង លោក​ប្ដី​អត់​លើក​ទូរ​សព្ទ​ទៀត ធ្វើ​ឲ្យ​នាង​ខឹង គិត​ខ្លី…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ខឹង​ប្ដី​របស់​ខ្លួន ដើរ​លេង​យប់​ជ្រៅ អត់​ចូល​ផ្ទះ​ហើយ ពេល​នាង​ទូរ​សព្ទ​រក​ចូល​ច្រើន​ដង លោក​ប្ដី​អត់​លើក​ទូរ​សព្ទ​ទៀត ធ្វើ​ឲ្យ​នាង​ខឹង គិត​ខ្លី ក៏​បាន​ចាក​ចេញពីផ្ទះ​ជួល រួច​ឡើង​ទៅ​លើ​បង្កាន់ដៃស្ពាន​អាកាស​មហាវិថី​ស៊ី ជី​ន​ពីង ប៉ង​លោត​ពីលើ​ស្ពាន ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​បាន​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ បានឃើញ​រួច​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ រួម​ជាមួយ​ប្រជា​ការពារ ចុះ​ទៅ​លួងលោម​នាង​ឲ្យ​ដឹងខ្លួន ក្រោយមក​ប្ដី​នាង​ទៅ​ដល់ ។ ខណៈនោះ នាង​រវល់​តែ​មើល​ប្ដី​ភ្លេចខ្លួន ទើប​នគរបាល​មានឱកាស​ស្ទុះ​ចូល​ទៅ​ចាប់​ទាញ​ទម្លាក់​ចុះ​ពីលើ​បង្កាន់ដៃស្ពាន ជួយ​សង្គ្រោះ​ជីវិត​បាន រួច​ប្រគល់​ឲ្យ​ប្ដី​នាំ​យក​ទៅ​ផ្ទះ​វិញ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៥ នៅ​លើ​ស្ពាន​អាកាស​មហាវិថី​ស៊ី ជី​ន​ពីង ជម្ពូ​វ័ន ត្រើយ​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រូប​នោះ រួម​និង​ប្ដី​របស់​នាង មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ អ្នក​ទាំង​២ មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ​ដូច​គ្នា ហើយ​គ្រាន់តែ​ដឹង​ថា ស្នាក់​នៅផ្ទះ​ជួល នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នកដំណើរ​តាម​ផ្លូវ​នោះ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ គាត់​បានឃើញ​ស្ត្រី​រូប​នោះ ស្ពាយ​កាបូប​ព​ណ៍​ផ្កាឈូក​១ ដើរ​ផង យំ​ផង លើ​ឡើង​ស្ពាន​អាកាស​មហាវិថី​ស៊ី ជី​ន​ពីង ក្នុង​ស្ថានភាព​អស់សង្ឃឹម​។ បន្ទាប់​មក នាង​ក៏​បាន​ឡើង​ទៅ​អង្គុយ​លើ​បង្កាន់ដៃស្ពាន​នោះ រួច​ដោះ​កាបូបស្ពាយ​ចេញពី​ខ្លួន ដាក់​នៅ​លើ​បង្កាន់ដៃស្ពាន ប៉ង​លោត​ពីលើ​ស្ពាន ។

អ្នកដំណើរ​រូប​នោះ បាន​និយាយ​បន្ត​ទៀត​ថា នៅ​ពេល​ឃើញ​បែប​នេះ គាត់​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នគរបាល និង​ប្រជា​ការ ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ រួច​ធ្វើការ​និយាយ​លួងលោម​ឲ្យ​ស្ត្រី​នោះ​ចុះ​ចេញពី​បង្កាន់ដៃស្ពាន​វិញ ប៉ុន្តែ​ទោះបីជា​នគរបាល និង​ប្រជា​ការពារ និយាយ​លួងលោម​យ៉ាងណា ក៏​នាង​មិន​ព្រម​ចុះ​ពី​ដែរ ហើយ​នាង​និយាយ​ផង យំ​ផង ថា​នាង​ចង់​ស្លាប់ និង​មិន​ឲ្យ​នគរបាល​ចូល​ទៅ​ជិត​នាង​ទេ ។

ប្រភព​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នាង​និយាយ​ថា មូលហេតុ​ចង់​ស្លាប់ ព្រោះ​នាង​ខឹង​ប្ដី​ដើរ​លេង​យប់ ហើយ​ពេល​នាង​ខ​ល​រក​ប្ដី អត់​លើក​ទូរ​សព្ទ​របស់​នាង​សោះ តែបើ​ទោះជា​បែប​នេះ​ក្ដី ក៏​នគរបាល​នៅ​តែ​ព្យាយាម​លួងលោម​នាង​ដដែល​។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​បុរស​ជា​ប្ដី​របស់​នាង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ស ១​គ្រឿង ឌុ​ប​បុរស​ម្នាក់​ទៀត ត្រូវជា​ឪពុកមារ​ទៅ​ដល់ ហើយ​ខណៈ​នាង​រវល់​តែ​មើល​ប្ដី​ភ្លេចខ្លួន ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ស្ទុះ​ចូល​ទៅ​ចាប់​ទាញ​ចុះ ជួយ​សង្គ្រោះ​បាន​សម្រេច ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ភ្លាម​ៗ​នោះ បុរស​ជា​ប្ដី ក៏​បាន​ចាប់​ឱប​នាង​ដែរ និង​និយាយ​ទៅ​កាន់​ប្រពន្ធ​ថា «​ម៉េច​ចង់​ល្បី​ស្អី​គេ ?​» ដោយ​ខឹង​ប្ដី​ពេក នារី​នោះ ក៏​ស្រែកយំ​ខ្លាំង​ៗ រួច​ទះកំផ្លៀង​ប្ដី ចំនួន​២​ដៃ​។ ក្រោយមក​អ្នក​ទាំង​២ ក៏​បាន​ឈ្លោះប្រកែក​គ្នា​នៅ​មុខ​នគរបាល​ថែម​ទៀត​ផង ប៉ុន្តែ​នគរបាល និង​ប្រជា​ការពារ បាន​ឃាត់​មិន​ឲ្យ​ឈ្លោះ​គ្នា​នោះ​ទេ​។ ព្រមទាំង​ធ្វើការ​អប់រំ ដល់​អ្នក​ទាំង​២ ជា​ពិសេស​ណែនាំ​ដល់​បុរស​ជា​ប្ដី កុំ​ឲ្យ​ដើរ​លេង​យប់ និង​ធ្វើបាប​ប្រពន្ធ​តទៅ​ទៀត រួច​ប្រគល់​នារី​នេះ ឲ្យ​ប្ដី​នាំ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ។

សមត្ថកិច្ច​បាន​និយាយ​ថា ចាប់តាំងពី​ស្ពាន​អាកាស​មហាវិថី​ស៊ី ជី​ន​ពីង នេះ​សាងសង់​រួច​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺជា​លើ​ទី​១​ហើយ ដែល​មាន​មនុស្ស​ចង់​លោត​បែប​នេះ ប៉ុន្តែ​ត្រូវ​បាន​ជួយ​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ