ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីក្រោមឱវាទស្តារប្រឡាយរំដោះជំនន់ទឹកភ្លៀង នៅខណ្ឌពោធិ៍សែនជ័យ សំដៅធ្វើយ៉ាងណាកុំឲ្យមានការជន់លេចនៅភូមិដ្ឋានប្រជាពលរដ្ឋនិងនៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅរសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យប្រឡាយត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២ ជាប់សង្កាត់សំរោងក្រោម និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជំរុញឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជីកស្តារប្រឡាយត្រពាំងជ្រៃ និងស្តារប្រឡាយចំការឪឡឹក ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឲ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕
ចែករំលែកព័តមាននេះ