ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមនុស្សប្រុស-ស្រីចំនួន៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល ខណៈដែលរថយន្តសាមុយ(AMBULANCE) បើកបុកពីក្រោយរថយន្តដឹកទំនិញធុនធំនៅលើផ្លូវល្បឿនលឿនយ៉ាងពេញទំហឹង ។

ហេតុការណ៍រថយន្តសាមុយបុករថយន្តធុនធំបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសនេះបានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវល្បឿនលឿនចំណុចPK 70+400 ស្ថិតនៅភូមិពាមទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាមុយ ឬរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (AMBU LANCE) រថយន្តម៉ាក HYUNDAI STAREX ពណ៌.ស ពាក់ផ្លាកលេខ រដ្ឋ122-1479 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ (បានរត់គេចខ្លួនក្រោយកើតហេតុរួច) ហើយក្នុងរថយន្ដនោះ មានអ្នករួមដំណើរចំនួន៦នាក់៖ ទី១-ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ៣៣ឆ្នាំ (បានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ) ទី២-ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួស ទី៣-ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អាយុ៤៥ឆ្នាំ រងរបួស ទី៤-ឈ្មោះ ហ៊ីម ឡាហ្សឹម ភេទស្រី អាយុ៣៤ឆ្នាំ រងរបួស ទី៥-ឈ្មោះ ហ៊ីម ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ រងរបួស មិនទាន់ស្គាល់អសយដ្ឋាននៅឡើយទេ និងទី៦-ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ៦៦ឆ្នាំ អ្នករួមដំណើរមានអាសយដ្ឋានរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(រងរបួស) ។

បើតាមការបញ្ជាក់ពីមន្ដ្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចថា រថយន្ដម៉ាក HYUNDAI STAREX ខាងលើ បើកបរលើផ្លូវល្បឿនលឿនក្នុងទិសដៅពីទិសខាងលិចទៅទិសខាងខាងកើត (ព្រះសីហនុ~ភ្នំពេញ) លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តធុនធំដឹកទំនិញមួយគ្រឿងពេញទំហឹងក្នុងទិសដៅស្របគ្នាលើផ្លូវល្បឿនលឿន ម៉ាកHYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3D-8384 សណ្ដោងសឺមីរ៉ុម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-2050 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួនបាត់) ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលឲ្យរថយន្ដ ម៉ាក HYUNDAI STAREX(រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ) រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លើងបំភ្លឺអ្វីដែលអាចជាកត្ដាបញ្ច្រៀសគ្រោះថ្នាក់បាន មេឃងងឹតលាយឡំភ្លៀងធ្លាក់ធ្វើឱ្យការបើកបរមានការលំបាកក្នុការងគ្រប់គ្រងស្ថានការណ៍បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានជួយអន្ដរាគមន៍សង្គ្រោះអ្នករបួសទាំងអស់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ ចំពោះរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ