ទីក្រុងបាងកក ៖ ប្រទេសថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ២០ម៉ឺននាក់ អំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាសរយៈពេល៨ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១ តុលា តទៅ ពោលជាការធ្លាក់ចុះ ២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ជាមួយគ្នានោះ របាយការណ៍ពីសារព័ត៌មានថៃ The Nation បានរាយការណ៍ថា ប្រាក់ចំណូលពីទេសចរណ៍នៅក្នុងប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ១៧% មកនៅត្រឹម ២៨០,៨លានដុល្លារអាមេរិក។ អ្នកទេសចរចិនជាច្រើនឥឡូវនេះ កំពុងជ្រើសរើសដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន សម្រាប់ថ្ងៃឈប់សម្រាកសប្តាហ៍មាសរបស់ពួកគេ ដែលតម្លៃធ្វើដំណើរជាមធ្យមទាបជាង ១៥% ឬទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលមានតម្លៃទាបជាង ៦%។
លោកស្រី Thapanee Kiatphaibool អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គោលដៅធ្វើដំណើរឆ្ងាយដូចជា ប្រទេសបារាំង ស្វីស និងអេស្ប៉ាញ ត្រូវបានកំណត់ថានឹងមានការកើនឡើង ១១០% នៅក្នុងក្រុមទេសចរណ៍ចិន អំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាស។
ការកក់សំបុត្រក្រៅប្រទេសពីប្រទេសចិនបានកើនឡើង ២៨% នៅឆ្នាំនេះ ជាមួយសមត្ថភាពហោះហើរអន្តរជាតិកើនឡើង ១០% ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃបានបរាជ័យក្នុងការក្លាយជាគោលដៅកំពូលទាំង ១០ សម្រាប់ភ្ញៀវទេសចរចិន ខណៈដែលទីក្រុងដូចជា ហូជីមិញ និង ហាណូយរបស់ប្រទេសវៀតណាម គូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី ដេនប៉ាសារបស់ប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី បានឃើញកំណើនចំនួនពីរខ្ទង់នៃការមកដល់របស់ភ្ញៀវទេសចរចិន។
នៅក្នុងរយៈពេល៨ខែដំបូង ឆ្នាំនេះ វៀតណាមបានវ៉ាដាច់ថៃជាគោលដៅទេសចរណ៍កំពូលសម្រាប់ភ្ញៀវទេសចរចិននៅអាស៊ីអាគ្នេយ៍ ដោយសារការកើនឡើងនៃយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ទីតាំងភូមិសាស្ត្រ ការយល់ឃើញអំពីកត្តាសុវត្ថិភាព និងការចំណាយទាប។
ភ្ញៀវទេសចរចិនទៅកាន់ប្រទេសវៀតណាម ចាប់ពីខែមករាដល់ខែសីហា បានកើនឡើងដល់ ៤៤% រហូតដល់ ៣,៥៣លាននាក់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលធ្វើឱ្យពួកគេក្លាយជាក្រុមភ្ញៀវទេសចរបរទេសច្រើនជាងគេរបស់វៀតណាម៕ ប្រភព ៖ Vietnam Express
ចែករំលែកព័តមាននេះ