រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រយ័ត្នខ្ពស់ចំពោះការងឥទ្ធិពលព្យុះទី២១ មានឈ្នោះមាតម៉ូ អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ របស់ក្រសួងធនធានទឹកនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។
ចំណែកនៅតំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
ដោយឡែក នៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើន ឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ្រ មានកម្ពស់ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងបានលើកឡើងថាយោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕
ចែករំលែកព័តមាននេះ