ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យរូបនោះ ធ្វើសកម្មភាពចាប់បង្ខំក្មេងស្រី០២នាក់បងប្អូនអាយុជាង១០ឆ្នាំ (ធ្វើទារុណកម្មផ្លូវភេទ) ថែមទាំងគំរាមសម្លាប់ចោលទាំងគ្រួសារ ប្រសិនបើក្មេងស្រីទាំង០២នាក់ធ្វើឱ្យបែកការណ៍នេះទៀតផង។ ដោយទ្រាំនូវទង្វើររបស់យុវជនខាងលើរូបនេះមិនបាន ក្មេងស្រីទាំង០២នាក់ក៏បានទម្លាយប្រាប់ម្តាយក្មេងស្រីទាំង០២នាក់ ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍និងរកយុត្តិធម៌។
ករណីបង្ខំក្មេងស្រី០២នាក់បងប្អូនរំលោភ(សេពសន្ថវៈមានស្ថានទម្ងន់ទោស)នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ។ សមត្ថកិច្ចស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហេង សុខរ៉េម ហៅអាបឿ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកក្មេងស្រីដែលជនសង្ស័យបានធ្វើសកម្មភាពបំង្ខិតបង្ខំលើក្មេងស្រីជាជនរងគ្រោះមានអាយុ១៣ឆ្នាំ ដោយត្រូវជនសង្ស័យគំរាមប្រសិនជនរងគ្រោះហ៊ានប្រាប់ម្ដាយ មិនឲ្យជនរងគ្រោះរួចខ្លួនឡើយ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យ(ឈ្មោះហេង សុខរ៉េម ហៅបឿ) បានបន្ដធ្វើសកម្មភាពបង្ខិតបង្ខំទៅលើក្មេងស្រីជនរងគ្រោះម្នាក់ទៀតមានអាយុ១២ឆ្នាំ (ត្រូវជាប្អូនបង្កើត) ត្រូវជនសង្ស័យគំរាមកំហែង បើក្មេងស្រីហ៊ានប្រាប់ម្ដាយ ជនសង្ស័យខាងលើ និងសម្លាប់ចោលមួយពូជតែម្តង។
សមត្ថកិច្ចស្រុកបសេដ្ឋបានឱ្យដឹងថា ដោយទ្រាំនូវទង្វើររបស់ជនសង្ស័យល្មោភកាមមិនបាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ក្មេងស្រីជនរងគ្រោះខាងលើ បាននិយាយរៀបរាប់ពីដំណើររឿងហេតុខាងលើ ប្រាប់ម្ដាយឲ្យបានដឹងតែម្ដង។ បន្ទាប់មក ឈ្មោះពៅ ស្រីខួច អាយុ៤៣ឆ្នាំ (ម្ដាយក្មេងស្រីរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច សំណូមពរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាត់ការជនសង្ស័យល្មោភកាមខាងលើទៅតាមផ្លូវច្បាប់ ។
សមត្ថកិច្ចស្រុកបសេដ្ឋបានបន្តឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ(ហេង សុខរ៉េម ហៅបឿ) ដើម្បីសួរនាំ តាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពបង្ខិតបង្ខំពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ