ទីក្រុងរ៉ង់ហ្គូន៖ គណបក្សសាមគ្គី និងអភិវឌ្ឍជាតិនៅមីយ៉ាន់ម៉ាដែលជាគណបក្សគាំទ្ររបបសឹកកំពុងទទួលបានសំឡេងនាំមុខគេនៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅនេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរបស់រដ្ឋ។ របបសឹកសង្ឃឹមថាការបោះឆ្នោតលើកនេះដែលចែកចេញជាបីដំណាក់កាលនឹងនាំមកនូវស្ថិរភាពនយោបាយសម្រាប់ប្រទេសជាតិ។

លទ្ធផលបឋមដែលផ្សព្វផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោតចំនួន៥៦បង្ហាញថាគណបក្សដែលគាំទ្រដោយពួកយោធាមីយ៉ាន់ម៉ាមួយនេះឈ្នះឆ្នោតភាគច្រើនលើសលប់ដូចការរំពឹងទុក។ គ្រាន់តែថានៅអ្នកដែលទៅបោះឆ្នោតមានភាគរយទាប។ លទ្ធផលឆ្នោតបង្ហាញថាគណបក្សសាមគ្គី និងអភិវឌ្ឍជាតិឈ្នះ៣៨អាសនៈនៅក្នុងចំណោមអាសនៈ៤០។

ចំណែកគណបក្សប្រជាធិបតេយ្យជាតិសាន (ដែលគេច្រើនស្គាល់ថាគណបក្សខ្លាស) និងគណបក្សរួបរួមជាតិមន នីមួយៗទទួលបានមួយអាសនៈ។ សម្រាប់លទ្ធផលឆ្នោតនៅព្រឹទ្ធសភា មានតែអាសនៈមួយប៉ុណ្ណោះដែលត្រូវគេប្រកាស។ អាសនៈនោះបានទៅលើគណបក្សជាតិវ៉ា (Wa)។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាតើលទ្ធផលជាស្ថាពរនឹងដឹងនៅពេលណាទេ។

តាមគម្រោង មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដំណាក់កាលទី២នៅថ្ងៃទី១១ ខែមករា និងបោះឆ្នោតដំណាក់កាលទីបីនៅថ្ងៃទី២៥ ខែមករា។ គណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់បញ្ចេញលទ្ធផលទាំងដុលនៃការបោះឆ្នោតដំណាក់កាលទីមួយទេ ប៉ុន្តែចេញលទ្ធផលបណ្ដោះអាសន្នម្ដងមួយមណ្ឌលៗ។ កាលពីថ្ងៃពុធ របបសឹកអះអាងថាអ្នកទៅបោះឆ្នោតមានចំនួន៥២% ឬជាងពាក់កណ្ដាលបន្តិចបន្តួចនៃអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ