ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាត់​ទុក​សកម្មភាព​របស់​កងកម្លាំងប្រដាប់​អាវុធ​ថៃ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​​របស់​ថៃ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិ​វិធី​តាម​ព្រំដែន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាត់​ទុក​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថៃ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​នៅ​តាម​ព្រំដែន​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​របស់​ថៃ ។ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចាត់​ទុក​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថៃ ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​នៅ​តាម​ព្រំដែន​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​របស់​ថៃ ។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ការ​បន្តសកម្មភាព​គ​គ្លើ​ន​របស់​កងកម្លាំង ប្រដាប់​អាវុធ​ថៃ​ប្រឆាំង​នឹង​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់កម្ពុជា​ដោយនៅ​តំបន់​ខ្លះ ស្ថិត​ចូល​ហួស​ពី​ខ្សែបន្ទាត់​ព្រំដែន​តាម​ជំហរ​ថៃ​ទៀត​ផង ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​នៃ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ក្នុងអំឡុងពេល​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បើក​ប្រតិបត្តិការ​វាយលុក​ផ្នែក​យោធា ដែល​បាន​គិត​ទុក​មុន និង​ជា​ប្រព័ន្ធ​លើ​ទីតាំង​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន​ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ដោយ​វាយ​សំរុកចូល​ទន្ទ្រាន កាន់កាប់ និង​ឈរជើង គ្រប់គ្រង​ជាក់ស្តែង​លើ​តំបន់​នានា​ដែល​ស្ថិត​យ៉ាង​ជាក់ច្បាស់ ក្នុង​ទឹកដី​កម្ពុជា នៅ​ខេត្ត​ចំនួន​បួន រួម​មាន ដូច​ជា​៖

ខេត្តបន្ទាយមានជ័យ​៖ ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ភូមិ​បឹង​ត្រកួន​។ខេត្តពោធិ៍សាត់​៖ តំបន់​ភ្លុក​ដំរី ច្រក​អន្តរជាតិ​ថ្មដា (​ច្រក​ជ័យ​ជំនះ​) ។
ខេត្តព្រះវិហារ ៖ តំបន់​អានសេះ តំបន់​តា​ថាវ តំបន់​ភ្នំ​ទ្រព្យ​។
ខេត្តឧត្តរមានជ័យ​៖ តំបន់​អូ​ស្មាច់ ប្រាសាទខ្នា ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់ធំ តំបន់​ជប់​អ​ង្គុ​ញ និង​តំបន់​ចូក​គ្រួ​ស​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​ថៃ រួម​ទាំង​ការ​បន្ត​ឈរជើង និង​កាន់កាប់​ដោយ​ខុសច្បាប់ ប្រតិបត្តិការ​យោធា​របស់​កងកម្លាំង ប្រដាប់​អាវុធ​ថៃ​នៅ​ខេត្ត​ទាំង​បួន​ខាងលើ​របស់​កម្ពុជា ។ ដោយ​មិន​អើពើ​ចំពោះ​ស្មារតី​នៃសេចក្តី​ប្រកាស​រួម​របស់​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ស្តី​ពី​ការ​ហាម​មិន​ឱ្យ​មាន​សកម្មភាព​ញុះញង់ ការ​ប្រើ​កម្លាំង​គ្រប់​ប្រភេទ​ប្រឆាំង​ប្រជាជន​ស៊ី​វិល និង​គោលដៅ​ស៊ី​វិល​ក្នុង​គ្រប់​កាលៈទេសៈ កងទ័ព​ថៃ​កំពុង​តែ​បង្កើន​ការ​វាយ​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​វប្បធម៌​របស់​កម្ពុជា ជា​ពិសេស នៅ​ក្នុងភូមិ​ព្រៃចាន់ ជោគជ័យ និង​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ និង​នៅ​តំបន់​ច្រក​ទ្វារ អន្តរជាតិ​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់​របស់​កម្ពុជា ។

ក្រសួងការបរទេស​បាន​លើក​ឡើង​ថា ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​កងទ័ព​ថៃ​ក្រោយ​បទ​ឈប់​បាញ់ ហើយ​បន្ទាប់​មក​វាយ​កម្ទេច​ផ្ទះសម្បែង​របស់​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធស៊ី​វិល​ឯទៀត​របស់​កម្ពុជា ដោយ​បន្ត​បិទ​សិទ្ធិ​របស់​ជន​ស៊ី​វិល​ភៀស​សឹក​កម្ពុជា​ជា​ច្រើន មិន​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​របស់​គេ​វិញ​បាន គឺជា​ការ​រំលោភ​យ៉ាង​ជាក់ច្បាស់​ចំពោះ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​ច្បាប់​មនុស្សធម៌ និង​ច្បាប់ សិទ្ធិ​មនុស្ស​អន្តរជាតិ រួម​ទាំង​៖

មាត្រា ២ (៣) និង ២(៤) នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​ដោះស្រាយ​ជម្លោះ​តាម​សន្តិវិធី និង​ហាមឃាត់​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​មួយ​ផ្សេង​ទៀត ។
មាត្រា​​៥៣ នៃ​អនុសញ្ញា​ទី​៤ ក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ ដែល​ហាមឃាត់​ការ​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​បុគ្គល​ឯកជន ឬ​របស់​រដ្ឋ ដែល​នេះ​ជា​ទ​ង្វើ​ដែល​ពុំ​មាន​ហេតុផល យោធា​ណា​មក​តម្រូវ​បាន​ឡើយ ក្នុង​ពេល​បទ​ឈប់​បាញ់​កំពុង​នៅ​ជា​ធរមាន​។

មាត្រា​៥២ នៃ​ពិធីសារ​បន្ថែម​ទី​១ ឆ្នាំ​១៩៧៧ នៃ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩​។
ថ្លែងការណ៍​បញ្ជាក់​ថា​៖«​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​គូសបញ្ជាក់​ថា កម្ពុជា និង​ថៃ មាន​ព្រំដែន​គោក​អន្តរជាតិ​ដែល ត្រូវ​បាន​កំណត់​តាម​ផែនទី​ដែល​ត្រូវ​បាន​ផលិត​ឡើង ដោយ​អនុលោម​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។ គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​កម្ពុជា និង​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ហើយ​។

គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា ព្រំដែន​គោក​ខាង​កម្ពុជា​ក៏​បាន​ធ្វើការ​តវ៉ា​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ ទៅ​កាន់​សម​ភាគី​ថៃ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន់​របស់​កងទ័ព​ថៃ​លើ​ទឹកដី​កម្ពុជា និង​លើ​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន ខណៈ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​ការងារ​ខ័​ណ្ឌ​សីមា​ព្រំដែន ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​នេះ លើ​ការ​អនុវត្ត​តាម​ស្មារតី​នៃ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​របស់ គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥»​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​សង្កត់ធ្ងន់​ថា ការ​បន្ត​ឈរជើង និង​កាន់កាប់​ជាក់ស្តែង​ដោយ កងកម្លាំង​យោធា​ថៃ​លើ​ទឹកដី​កម្ពុជា ដែល​នៅ​តំបន់​ខ្លះ​គឺ​ហួស​ពី​ខ្សែបន្ទាត់​ព្រំដែន​តាម​ជំហ​ថៃ​ទៅ​ទៀត គឺជា​ការ​បន្តកាន់កាប់​ដោយ​ខុសច្បាប់ និង​គ្មាន​មូលដ្ឋាន​ទាល់តែ​សោះ​ក្រោម​ច្បាប់​អន្តរជាតិ ។ ការ​កាន់កាប់ និង​បន្តកាន់កាប់ តាម​រយៈ​ការ​គំរាមកំហែង និង​ការ​ប្រើប្រាស់​កម្លាំង​នេះ គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន និង​មិន​អាច​បដិសេធ​បាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ហាមឃាត់​ការ​កាន់កាប់​យក​ទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង ។ ការ​កាន់កាប់​ទឹកដី ដែល​ទទួល​បាន​ពី​ការ​គំរាមកំហែង និង​ប្រើប្រាស់​កម្លាំង គឺ​ផ្ទុយ​ទៅ នឹង​គោលការណ៍​ជា​មូលដ្ឋាន និង​ដាច់ខាត​នៃ​ច្បាប់​អន្តរជាតិ ដែល​ហាមឃាត់​នូវ​ការ​ដណ្តើម​យក​ទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង​។ ការ​គ្រប់គ្រង​ទឹកដី សកម្មភាព​រដ្ឋបាល ឬ​ការ​អនុវត្ត​សិទ្ធិ​អំណាច​ដែល​កើត​ចេញពី​ទ​ង្វើ​បែប​នេះ គឺ​គ្មាន​តម្លៃ​តាម​ផ្លូវច្បាប់ និង​មិន​អាច​បង្កើត​សិទ្ធិ​ស្របច្បាប់​ណាមួយ​បាន​ឡើយ ។

ថ្លែងការណ៍​បាន​សង្កត់ធ្ងន់​ថា​៖ «​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថៃ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ក្រោម​ការ​ព្រមព្រៀង​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ កំណត់ហេតុ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ចុះ​ថ្ងៃ​ទី​៧ ខែសីហា ថ្ងៃ​ទី​១០ ខែកញ្ញា និង​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព និង​ដំណោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ដែល ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​របស់គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បញ្ជាក់​ជា​រួម​អំពី​កាតព្វកិច្ច​របស់​ភាគី​ទាំង​ពីរ ក្នុង​ការ​មិន​អនុវត្ត​វិធានការ​ជា​ឯកតោភាគី និង​ដោះស្រាយ​បញ្ហា​លេចធ្លោ​ទាំងឡាយ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ការ​បទេស​បាន​ហៅ​ការ​វាយ​កម្ទេច​សំណង់​ស៊ី​វិល​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ គឺ​ផ្ទុយ​ស្រឡះ​ពី​វឌ្ឍនភាព ដែល​សម្រេច​បាន​ដោយ​គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន ជា​ពិសេស​នៅ​កំណាត់​ខ្សែ​ព្រំដែន​ត្រង់ បង្គោល​ព្រំដែន​លេខ ៥២-៥៩ និង​លេខ ៤២-៤៧ ដែល​ការណ៍​នេះ​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ថា ប្រទេស​ថៃ​បាន​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ប្រឹងប្រែង​កំណត់​ខ័​ណ្ឌ​សីមា​ព្រំដែន​ដែល​កំពុង​ដំណើរការ តាម​រយៈ​ការ​បង្កើត​នូវ​ស្ថានភាព មានការ​ឈរជើង​ជាក់ស្តែង​រួច​ជា​ស្រេច​ហើយ ។

ក្រសួងការបរទេស​កម្ពុជា​សូម​ទាមទារ​ឱ្យ​ប្រទេស​ថៃ​៖​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​យោធា​ប្រកបដោយ​អរិភាព នៅ​តាម​បណ្តោយ ព្រំដែន​កម្ពុជា​-​ថៃ និង​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា ។ ដក​បុគ្គលិក និង​សម្ភារៈ​យោធា​ទាំងអស់​ចេញពី​ទឹកដី​កម្ពុជា ទៅ​កាន់​ទីតាំង​ព្រំប្រទល់ ដែល​ទទួលស្គាល់​ដោយ​ច្បាប់​។ គោរព​ដោយ​ស្មោះត្រង់​ចំពោះ លក្ខខណ្ឌ និង​ស្មារតី​នៃ​ការ​ព្រមព្រៀង​ឈប់​បាញ់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ សេចក្តី​ប្រកាស​រួម​ស្តី​ពី​សន្តិភាព និង​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី​រវាង​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង គូ​ឡា​ឡាំ​ពួ នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ ពិសេស​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​ងាករេ ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជាមួយ ប្រទេស​ជិតខាង​ទាំងអស់ តាម​រយៈ​មធ្យោបាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ដោយ​ប្តេជ្ញា​ចិត្តជា​ដាច់ខាត​ចំពោះ​ការ​ប្រកាន់​ជំហរ​ជា​គោលការណ៍​ថា ខ្សែ​ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ។ កម្ពុជា​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ជំរុញ​ប្រទេស​ថៃ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ