ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វដំរីព្រៃខាងប្រទេសថៃ បានឡើងមកដល់តំបន់ខ្ពស់ប៉ុស្ដិ៍ត្រូតពិនិត្យច្រកតំបន់«៤០០»កម្ពុជា-ថៃ ក្នុងស្រុកសំឡូត នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី០៣ មករា ហើយសត្វដំរីព្រៃនេះ បានប៉ុនប៉ងកាច់បំបាក់បារ៉ាស់ និងរុះរើបន្លាលួសក្នុងបំណងឆ្លងចូលទឹកដីកម្ពុជា តែត្រូវរុញច្រានបណ្ដេញឲ្យត្រឡប់ក្រោយវិញ ដោយកម្លាំងការពារព្រំដែនកម្ពុជា ។

គេមិនដឹងពីចំនួនសត្វដំរីព្រៃខាងប្រទេសថៃ ដែលចូលអុកឡុកបារ៉ាស់ច្រកទ្វារព្រំដែន«៤០០»នៅស្រុកសំឡូត ទាំងពាក់កណ្ដាលអាធ្រាត្រនោះទេ តែសត្វដំរីព្រៃនោះបានឡើងមកបង្ហាញខ្លួន នៅចំពីមុខច្រកទ្វារតំបន់«៤០០»តែម្ដង ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Nann mey ដែលគេស្គាល់ថា ជាអាក់ខោនហ្វេសប៊ុករបស់លោក ម៉ី ណាន់ នាយប៉ុស្ដិ៍ច្រកតំបន់«៤០០»បានផ្សព្វផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ មករា ។ សត្វដំរីព្រៃនោះបានឡើងមកដល់ចំណុចខ្ពស់ទល់មុខកម្ពុជា ត្រង់ប៉ុស្ដិ៍ត្រូតពិនិត្យច្រកទ្វារតំបន់«៤០០» ។ សត្វដំរីបានព្យាយាមកាច់បំបាក់បារ៉ាស់ និងបន្លាលួសបំរុងឆ្លងចូលខាងទឹកដីកម្ពុជាតែត្រូវកម្លាំងប្រចាំការរួមសហការដេញឲ្យវាបិលត្រឡប់ចូលដីថៃវិញ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលហ្វូងសត្វដំរីខាងប្រទេសថៃ បង្ហាញខ្លួនឬចូលអុកឡុកក្នុងទឹកដីកម្ពុជា ។ កន្លងទៅ ហ្វូងសត្វដំរីព្រៃខាងប្រទេសថៃនេះ ក៏ធ្លាប់ឆ្លងព្រំដែនចូលបំភ្លេចបំផ្លាញផលដំណាំកសិករខ្មែរក្នុងភូមិសាស្ត្រស្រុកសំឡូតជាបន្តបន្ទាប់ ដែលភាគច្រើនហ្វូងសត្វនេះឆ្លងព្រំដែនចូលពេលយប់ ។ ហើយក្រោយបំផ្លាញខ្ទេចខ្ទីរហ្វូងសត្វដំរីព្រៃនេះ ក៏នាំគ្នាវិលត្រឡប់ឆ្លងដែនចូលទឹកដីវាវិញដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ