រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ព័ត៌មានដែលមានចរិតញុះញង់ និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖
ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។
ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោល បំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល ។
ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស និងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។
ប៉ុន្តែ អ្វីជាការកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងនោះគឺ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្រប និងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។
ជាមួយគ្នានោះដែរ ឯកឧត្តមបានសូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរ ទោះជាក្នុងតម្លៃណាក៏ដោយ ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស បាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទន ភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
សូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះ ឱ្យបានស្ថិតស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ព និងកងកម្លាំងគ្រប់ប្រភេទ ជាពិសេស លើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាព និងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ ៕
ចែករំលែកព័តមាននេះ