ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​លោក ទ្រព្យសម្បត្តិ​ឈាន​ដល់​៥០០​ពាន់​លាន​ដុល្លារ

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋី​បច្ចេកវិទ្យា​ដ៏​ល្បី​សញ្ជាតិ​អា​មេ​រិ​ក បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ឈាន​ដល់​ជាង ៥០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជំរុញ​ដោយ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី…

សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋី​បច្ចេកវិទ្យា​ដ៏​ល្បី​សញ្ជាតិ​អា​មេ​រិ​ក បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ឈាន​ដល់​ជាង ៥០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជំរុញ​ដោយ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង​អាជីវកម្ម​ផ្សេង​ទៀត​របស់​លោក បន្ត​កើនឡើង​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៥​។

ទិន្នន័យ​ពី​ទស្សនាវដ្តី Forbes បាន​រាយការណ៍​ថា ទ្រព្យ​សុទ្ធ​របស់​មហាសេដ្ឋី​បច្ចេកវិទ្យា ស្ថាបនិក​ក្រុមហ៊ុន SpaceX ហើយ​ក៏​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla វ័យ​៥៤​ឆ្នាំ​រូប​នេះ បាន​ឡើង​ដល់ ៥០០,១​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ខ្លី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា កន្លង​ទៅ (​ម៉ោង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​) មុន​ពេល​ធ្លាក់​ចុះ​បន្តិច​មក​ត្រឹមតែ​ជាង ៤៩៩​ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​បន្ទាប់ (​ថ្ងៃ​ទី​២ តុលា​)​។

ទន្ទឹម​នឹង​ការ​កើនឡើង​តម្លៃ​លើ​ការ​បណ្តាក់ទុន​របស់​ក្រុមហ៊ុន Tesla នោះ អាជីវកម្ម​ផ្សេង​ទៀត​របស់​លោក រួម​ទាំង​ការ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន xAI ផ្តោត​លើ​បញ្ញា​សិប្បនិមិត្ត AI និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស SpaceX ត្រូវ​បាន​រាយការណ៍​ថា ក៏​បាន​កើនឡើង​ផង​ដែរ នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។ តាម​រយៈ​ប្រាក់​ចំណូល​កើនឡើង​ឥត​ឈប់​ឈរ​នេះ​ហើយ បាន​ពង្រឹង​ឋានៈ​របស់​លោក Elon Musk បន្ត​ឈរ​ជា​បុគ្គល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​នាំមុខ​មហាសេដ្ឋី​ជា​គូប្រជែង​ផ្សេង​ទៀត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក​។

តាម​ទិន្នន័យ​ពី​ទស្សនាវដ្ដី Forbes លោក Larry Ellison មហាសេដ្ឋី​អា​មេ​រិ​ក ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle គឺជា​អ្នកមាន​បំផុត​ទី ២ លើ​ពិភពលោក ដែល​មានទ្រព្យ​សុទ្ធ​ប្រហែល ៣៥០,៧​ពាន់​លាន​ដុល្លារ​។ កាលពី​ខែ​មុន លោក Ellison បាន​ក៏​បង្កើត​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ទ្រព្យសម្បត្តិ​របស់​លោក​បាន​វ៉ា​ដាច់​លោក Elon Musk នៅ​ក្នុង​រយៈពេល​ខ្លី បន្ទាប់​ពី​ភាគហ៊ុន​របស់ Oracle បាន​កើនឡើង​ជាង ៤០%​។

ទ្រព្យសម្បត្តិ​មួយ​ផ្នែក​ធំ​របស់​លោក Elon Musk កើត​ចេញពី​ភាគហ៊ុន​ច្រើន​ជាង ១២% នៅ​ក្នុង​ក្រុមហ៊ុន Tesla ដែល​បាន​មើលឃើញ​ថា ភាគហ៊ុន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងឆ្នាំនេះ​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​កើនឡើង​ច្រើន​ជាង ៣,៣% នៅ​ថ្ងៃ​បិទ​ការ​ជួញដូរ​នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​១ តុលា កន្លង​ទៅ ហើយ​ឥឡូវនេះ បាន​កើនឡើង​ជាង ២០% ហើយ នៅ​ឆ្នាំ​នេះ​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នេះ បាន​និង​កំពុង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយសារ​តែ​វិនិយោគិន​ស្វាគមន៍ និង​រីករាយ​ជាមួយ​លោក Elon Musk ដែល​កំពុង​ផ្តោត​លើ​ពេលវេលា​បន្ថែម​ទៀត​លើ​ក្រុមហ៊ុន​ជា​ជាង​ឆាកនយោបាយ​។ ស្រប​ពេល​ដែល Tesla បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រួម​ទាំង​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ជា​គូប្រជែង​ដូច​ជា​ក្រុមហ៊ុន BYD របស់​ចិន​ជាដើម​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន Tesla ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្លាស់​ប្តូរ​ទៅ​ជា​អាជីវកម្ម AI និង​មនុស្ស​យន្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ