ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតពលករចំណាកស្រុកដែលកំពុងបម្រើការនៅក្នុងរោងចក្រយីហោស៊ីគ្លូ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសនោះដែរ តំណាងពលករបានលើកឡើងថា ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំ ខ្លះក៏ធ្វើនៅតាមហាងលក់បាយ ខ្លះនៅតាមរោងចក្រផ្សេងៗ ។ ក្រោយព្រឹត្តិការណ៍ព្រំដែន ពួកគាត់ត្រូវបានផ្អាកការងារតែថៅកែរោងចក្រនិងហាងមិនឱ្យវិលត្រលប់មកមាតុប្រទេសវិញទេ ដោយគេអះអាងថានិងឱ្យចូលធ្វើការវិញបន្ទាប់ពីសភាពការណ៍ព្រំដែនដោះស្រាយរួចរាល់។

ក្នុងដំណាក់កាលនោះ ពួកគាត់ត្រូវពួនសំងំនៅក្នុងបន្ទប់មិនអាចដើរហើរសេរីនោះទេព្រោះខ្លាចមានការវាយធ្វើបាបពីសំណាក់ក្រុមជាតិនិយមថៃ ។ ដោយស្ថានភាពប្រទេសជាតិកាន់តែតានតឹង ពួកគាត់បានសម្រេចចិត្តវិលត្រលប់មកមាតុប្រទេសវិញ ហើយស្របពេលដែលថ្នាក់ដឹកនាំប្រទេសប្រកាសប្រាប់ថា នៅក្នុងប្រទេសមានការងារសម្រាប់ពួកគាត់ ។ ពេលមកដល់គឺមិនខ្វះមែន ហើយប្រាក់បៀរវត្សរ៍ក៏បានថ្លៃ និងបើកក្នុងមួយខែ២ដងទៀតផង ដែលអាចជួយដោះស្រាយដល់ជីវភាពបានយ៉ាងល្អប្រសើរ។ ដូច្នេះពួកគាត់សន្យាមិនវិលត្រលប់ទៅធ្វើការនៅប្រទេសថៃទៀតទេ ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារនៅប្រទេសកម្ពុជាមានច្រើន ពលរដ្ឋអាចចូលធ្វើដោយគ្មានហានិភ័យ និងគ្មានការរើសអើងដូចធ្វើនៅក្រៅប្រទេសនោះទេ។ ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃនោះទេ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរឡើយ។ ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាប និងប្រមាថមកលើពលករខ្មែរ ក្រោយមានបញ្ហាព្រំដែន ហេតុនេះបានធ្វើឱ្យពលករកម្ពុជាសម្រេចចិត្តចាកចេញ និងវិលមកកាន់មាតុប្រទេសវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពី២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះ មានភាពកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។ចំពោះវត្តមាននៃការវិលត្រលបមកវិញរបស់ពលករខ្មែរ រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ក្រុងបានយកចិត្តទុកដាក់ និងសម្របសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងឱ្យពលរដ្ឋទទួលបានការងារដោយមិនចាំបាច់ត្រលប់ទៅវិញ ដែលអាចប្រឈមនឹងហានិភ័យ និងការមាក់ងាយពីពួកក្រុមជ្រុលនិយមថៃទៀតនោះទេ។

ចំពោះប្រាក់ឈ្នួលនាពេលបច្ចុប្បន្នក៏មិនចាញ់ប្រទេសថៃនោះដែរ ហើយកាន់តែពិសេសគឺមួយខែអាចបើកបានរហូតដល់ទៅ២ដង។ ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរ និងមន្ទីរជំនាញជួយសម្របសម្រួលរាល់ឯកសារផ្សេងៗដល់ពួកគាត់ ផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅ និងរកការងារធ្វើផងដែរ៕
ចែករំលែកព័តមាននេះ