ខេត្តរតនគិរី៖ រយ:ពេល៧ថ្ងៃហើយ មនុស្សប្រុស-ស្រីក្មេងចាស់ចំនួន៤នាក់ ដែលបានបាត់ខ្លួនដោយគ្រោះទឹកជំនន់ នៅស្រុកអូរជុំ មិនទាន់រកឃើញនៅឡើយ ខណ:អភិបាលខេត្ត រតនគិរីដឹកនាំកម្លាំងរុករកបន្ត ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តរនគិរី ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង រុករក មនុស្សប្រុស-ស្រី ក្មេងចាស់ចំនួន៤នាក់ ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ដែលគិតមកដល់ពេលនេះ ជនរងគ្រោះទាំង៤នាក់នៅមិនទាន់រកឃើញនៅឡើយទេ។ ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្ត បានក៏បានអញ្ជើញ សួរសុខទុក្ខក្រុមគ្រសារ សាច់ញាតិជូនរងគ្រោះ ក្នុងភូមិ ឃុំខាងលើ ដោយ ឯកឧត្តម បានសម្តែងនូវការ អាណិតអាសូរ សោកស្តាយ និងសមាណចិត្តដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ ជនរងគ្រោះ ប្រុស-ស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួនផងដែរ។

សូមរំលឹកថាករណីនេះជាលើកទីមួយហើយពុំដែលមានឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី គ្រួសារចំនួន២គ្រួសារ បានជួបឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ទឹកជំនន់ភ្លៀងហក់ឡើងយ៉ាងខ្លាំង ហូរមកបុកចំផ្ទះបណ្តាលឲ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរគួចលិចយកទៅបាត់ទាំងអស់ ហើយដើមឈើនៅក្បែរនោះក៏រលំបាក់ហូរទៅតាមទឹកផងដែរ។

លោក ប៉ា ប៊ុនថា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកអូរជុំបានអោយដឹងថា ២គ្រួសារដែលបានបាត់ខ្លួនដោយទឹកជំនន់ភ្លៀងហូរមកបុកចំផ្ទះមានសមាជិកសរុបចំនួន៥នាក់ គ្រួសារទី១ មានពីរនាក់ ១.ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ (បាត់ខ្លួន)និង២.ឈ្មោះ បាំ ឌឿន ភេទស្រី អាយុ៤៤ឆ្នាំ (បាត់ខ្លួន) ។ ហើយគ្រួសារទីពីរ មានសមាជិកចំនួន៣នាក់ ១.ឈ្មោះ រ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ (បាត់ខ្លួន)។ ២.ឈ្មោះ ភ័ក្ត្រ មុន ភេទប្រុស អាយុ០៧ឆ្នាំ (បាត់ខ្លួន) និង៣.ឈ្មោះ ភ័ក្ត្រ រេត អាយុ០១ឆ្នាំ (បាត់ខ្លួន) ហើយជនរងគ្រោះទាំង៤នាក់នេះ ពួកគាត់ ជាជនជាតិដើមភាគតិចទំពួន។

លោក ប៉ា ប៊ុនថា បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ប្រជាពលរដ្ឋនៅភូមិខាងលើនេះមានការភ្ញាក់ ផ្អើលឆោឡោឡើង ដោយបានបាត់ផ្ទះប្រជាពលរដ្ឋនៅក្បែរអូរខាងលើនោះ ក្រោយមកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន ក្រោយពីបានដឹងព័ត៌មាននេះភ្លាម អាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីគ្រួសារនៅតាមដងអូរ ដោយក្នុងនោះក៏បានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦កញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះ ប្រមាណមួយគីឡូម៉ែត្រ។ជនរងគ្រោះដែលបានរកឃើញនោះឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ដោយឡែកមនុស្សទាំង៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេ មកទល់នឹងពេលនេះ៕

ចែករំលែកព័តមាននេះ