រាជធានីភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះថា ៖ «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុង ត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានា ដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន» ។
រីឯនៅទីក្រុងវ៉ាស៊ីនតោនវិញ អាមេរិកត្រូវតែបង្ខំចិត្តបិទដំណើរការរដ្ឋាភិបាលមួយគ្រាសិន មានន័យថា មន្ត្រីបម្រើការនៅតាមក្រសួង-មន្ទីរនានា អាចឈប់សម្រាកមិនទៅធ្វើការ ឬទៅធ្វើការដោយមិនទទួលបានប្រាក់ខែ ព្រោះរដ្ឋាភិបាលអស់ថវិកាជាតិ សម្រាប់បើកឱ្យពួកគេតទៅទៀតហើយ។ ស្ថានភាពនេះ កើតឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ មិនអាចនិយាយត្រូវរ៉ូវគ្នា ទៅលើការអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ប្រើប្រាស់ ។
បញ្ហានេះ ប៉ះពាល់ការបំពេញការងាររបស់រដ្ឋាភិបាលនៅខែតុលា ឬអាចនឹងបន្តទៅមុខទៀត បើបញ្ហានៅតែដោះស្រាយមិនចេញដដែល។ រដ្ឋាភិបាល អាចនឹងមិនបើកប្រាក់ខែសម្រាប់មន្ត្រីបម្រើការនៅតាមស្ថាប័នរដ្ឋ ប្រមាណ៨សែននាក់ ឬស្មើនឹង៤០% នៃមន្ត្រីរដ្ឋាភិបាលសរុបនៅទូទាំងប្រទេសអាមេរិក ដែលធ្វើការអត់ប្រាក់ខែ ៕
ចែករំលែកព័តមាននេះ