រាជធានីភ្នំពេញ ៖ «១២៩១» គឺជាលេខទូរសព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហា ដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។
ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរសព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាព កក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរសព្ទបន្ទាន់១២៩១ មានដូចជា ៖ ករណីហឹង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គីភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់ ។
ជាក់ស្តែង កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដឹងជាសាធារណៈ និងជ្រួតជ្រាបឲ្យបានកាន់តែច្រើនបំផុត។ ពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃ ត្រូវការ ការអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ៕















ចែករំលែកព័តមាននេះ