យុវសិស្សនិទ្ទេស A ចំនួន៧៩នាក់ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានកុំព្យូទ័រម្នាក់១គ្រឿង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ…
ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូអ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ប្រធានយុវជន ស.ស .យ.ក លោកអភិបាលក្រុង-ស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត ដែលបានប្រារព្ធធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានថ្លែងថា ក្រោមដំបូលនៃសន្តិភាពនិងការអភិវឌ្ឍ ដែលស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក ការទទួលបានចំណេះដឹងដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងឪពុកម្តាយ ក៏ដូចជាអាណាព្យាបាល ដោយមានការជ្រោមជ្រែងពីគ្រប់អ្នកពាក់ព័ន្ធ ពិសេសការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្ត កាន់តែរីកចម្រើនជាបន្តបន្ទាប់ ។
ឯកឧត្តមបន្តថា ក្នុងនោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសរុប ៥ ៧៧២នាក់ (ស្រី ៣ ២៩០នាក់) ជាប់សរុប៥ ០៣៨នាក់(ស្រី ៣ ០១៤នាក់) ស្មើនឹង ៨៧,២៨% ។ សិស្សទទួលបាននិទ្ទេស A ចំនួន៧៩នាក់(ស្រី ៥០នាក់) ក្នុងនោះស្រុកគងពិសី ១២នាក់ ក្រុងច្បារមន ២៣នាក់ ស្រុកបសេដ្ឋ ៨នាក់ ស្រុកភ្នំស្រួច ៨នាក់ ស្រុកសំរោងទង ១៦នាក់ និងក្រុងឧដុង្គម៉ែជ័យ ១២នាក់ ។ ក្នុងឆ្នាំ២០២៥នេះ សិស្សនិទ្ទេស A ក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលឆ្នាំ២០២៤ មានសិស្សនិទ្ទេស A ៤៧នាក់ តែឆ្នាំ២០២៥ កើនឡើងរហូតដល់ ៧៩នាក់ ។ លទ្ធផលនេះគឺបានជួយលើកកិត្តិយសដល់ប្អូនៗផ្ទាល់ ក្រុមគ្រួសារ និងសាលារៀន ព្រមទាំងមូលដ្ឋានក្រុង-ស្រុក ហើយជាពិសេសទៅទៀតនោះ គឺមុខមាត់របស់ខេត្តកំពង់ស្ពឺយើងទាំងមូលតែម្តង ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានកោតសរសើរប្អូនៗដែលទទួលបាននិទ្ទេស A ។ សមិទ្ធផលនេះ គឺកើតឡើងចេញពីឆន្ទៈដ៏មោះមុតរបស់ប្អូនៗ ក្នុងការកំណត់គោលដៅច្បាស់លាស់ ជម្នះពុះពារឧបសគ្គ ខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យក្នុងការសិក្សារបស់ខ្លួន និងសម្រេចឱ្យបាននូវគោលដៅដែលខ្លួន និងលោកគ្រូអ្នកគ្រូ ជាពិសេសអាណា
ព្យាបាលប៉ងប្រាថ្នា ដែលចង់ឃើញកូនៗរបស់ពួកគាត់ទទួលបានភាពជោគជ័យទាំងពេលបច្ចុ
ប្បន្ន និងនាពេលអនាគតបន្តទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ។ ជាក់ស្តែង សម្តេចបានណែនាំឲ្យក្រសួងអប់រំ កសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញ ។
ឯកឧត្តម សំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា លោកនាយក នាយិកាវិទ្យាល័យទាំង២៦ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ សូមបន្តលើកទឹកចិត្តដល់ប្អូនៗដែលមិនបានជាប់ឆ្នាំនេះ កុំឱ្យមានការបាក់ទឹកចិត្ត ។ បន្តជំរុញពួកគាត់ឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបានប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចជួយជំរុញឱ្យពួកគាត់ សិក្សាជំនាញបច្ចេកទេសនានាបាន តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ ងាយស្រួលស្វែងរកការងារធ្វើ ។
ត្រូវបន្តប្រឹងប្រែងទៅមុខទៀត ដើម្បីមានអាជីពការងារមួយច្បាស់លាស់ទៅថ្ងៃអនាគត ដែលអាចជួយជ្រោមជ្រែងដល់គ្រួសារ ឪពុកម្តាយ និងត្រូវធ្វើជាកូនល្អ សិស្សល្អ យុវជនល្អសម្រាប់ប្រទេសជាតិ ។ មួយទៀត បើអាចសូមជួយចែករំលែកនូវភាពជោគជ័យនេះដល់ប្អូនៗជំនាន់ក្រោយជាបន្តទៀតផងដែរ ។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់នូវថវិកាឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន កុំព្យួទ័រ១គ្រឿងផងដែរ ៕
ចែករំលែកព័តមាននេះ