ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរមានសមត្ថកិច្ច បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្នដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការណ៍នេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពជាក់ស្តែងក្នុងតំបន់ដែលប្រឈមទៅដោយទឹកជំនន់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនឹងពលរដ្ឋផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រងគ្រោះទឹកជំនន់ឱ្យតាមដានស្ថានភាពទឹក និងធ្វើការរៀបចំខ្លួនឱ្យបានរួចជាស្រេចក្នុងពេលគ្រោះអាសន្នដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ មួយវិញទៀតបងប្អូនពលរដ្ឋដែលរស់នៅលើទីទួល សុវត្ថិភាពទាំង២ទីតាំងក្នុងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗផងដែរ។
គូសបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ។ សម្រាប់កម្ពស់ទឹកប្រកាសឱ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕
ចែករំលែកព័តមាននេះ