សហរដ្ឋអាមេរិក ៖ តម្លៃមាសអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ជំរុញដោយតម្រូវការកាន់តែខ្លាំងពីបណ្តាវិនិយោគិន បន្ទាប់ពីការចាប់ផ្តើមការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន និងដោយសារតែកម្សោយនៃទិន្នន័យការងារ បានជំរុញការរំពឹងទុកកាន់តែខ្លាំងឡើងលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
តម្លៃមាសអន្តរជាតិបានបង្កើតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុន ៣ ៨៨៨ដុល្លារក្នុង១អោន ឬ ៤ ៦៨៤ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ៣:១៥នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១សប្តាហ៍ ដែលធ្វើឱ្យមាសមានតម្លៃសមរម្យសម្រាប់អ្នកទិញនៅបរទេស។ ស្របពេលដែលអនាគតទីផ្សារភាគហ៊ុនរបស់ Wall Street ក៏បានធ្លាក់ចុះផងដែរ។
លោក Nicholas Frappell ប្រធានទីផ្សារសកល ក្រុមហ៊ុនដំណើរការរោងចក្រចម្រាញ់មាស ABC បានលើកឡើងថា មាសកំពុងទទួលបានអត្ថប្រយោជន៍ពីការព្រួយបារម្ភលើកម្សោយប្រាក់ដុល្លារអាមេរិក និងស្ថានភាពនយោបាយជាមួយនឹងការបិទដំណើរការរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយទូទៅផងដែរ។ លោកបានបន្ថែមថា ដំណើរកើនឡើងនៃតម្លៃមាស នៅតែមានសុទិដ្ឋិនិយម ដោយមានទិសដៅកើនឡើងទៅដល់ជាង ៣ ៩០០ដុល្លារ១អោន ឬជាង ៤ ៧០០ដុល្លារក្នុង១តម្លឹង ហើយអាចហក់ឡើងដល់ ៤ ០០០ដុល្លារក្នុង១អោន ឬជាង ៤ ៨០០ដុល្លារក្នុង១តម្លឹង។
ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក នាំឱ្យមានការផ្អាកដំណើរការបណ្តោះអាសន្នសម្រាប់ស្ថាប័ន និងភា្នក់ងារមួយផ្នែក ចាប់ពីម៉ោង ០០:០០ ឈានចូលថ្ងៃទី១ តុលា ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងសមាជិកសភាបក្សប្រជាធិបតេយ្យចរចាមិនត្រូវរ៉ូវគ្នាបានរារាំងសភា និងសេតវិមានឈានដល់កិច្ចព្រមព្រៀងអនុម័តកញ្ចប់ថវិកាសហព័ន្ធ ហើយអាចជាការប្រឈមមុខគ្នារយៈពេលវែង។ ការបិទមានន័យថា ស្ថាប័ន-ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធមិនសំខាន់ នឹងត្រូវផ្អាកសកម្មភាព ហើយបុគ្គលិករដ្ឋរាប់សែននាក់ នឹងត្រូវឈប់សម្រាកដោយគ្មានប្រាក់ខែ។
ការបិទទៀតសោត អាចពន្យារពេលការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងរបាយការណ៍ប្រាក់បៀវត្សរ៍មិនមែនវិស័យកសិកម្មរបស់អាមេរិក ដែលត្រូវកំណត់ពេលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។
មាស ត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានសុវត្តិភាពការពារប្រឆាំងនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយតម្លៃកើនឡើងជាពិសេស នៅពេលដែលមានអត្រាការប្រាក់ទាប ខណៈដែលតម្លៃមាសបានកើនឡើងច្រើនជាង ៤៧% នៅឆ្នាំនេះ៕ ប្រភព ៖ Reuters និង goldprice.org

ចែករំលែកព័តមាននេះ