ខេត្តពោធិ៍សាត់៖ ប្រជាកសិករស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នឹងទទួលបានផលចំណេញច្រើនដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈពង្រីកសក្តានុពលកសិកម្មបែបទំនើប។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ និងប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី( ADB )ដឹកនាំដោយលោក James Radstock ចុះត្រួតពិនិត្យគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM 2 ) នៅប្រព័ន្ធធារាសាស្ត្រចារឹក និងការធ្វើទំនើបកម្មជាប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ចារឹក ស្រុកកណ្ដៀង ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមសហការផ្តល់ទិន្នន័យដែលជាតម្រូវការដល់អ្នកជំនាញនៃបេសកកម្មនេះឱ្យបានពេញលេញ ដើម្បីឱ្យប្រតិភូដៃគូបានឃើញនូវស្ថានភាពជាក់ស្តែងនិងតម្រូវការចាំបាច់របស់បងប្អូន ហើយដើម្បីឱ្យការរៀបចំផែនការត្រូវនឹងតម្រូវការបងប្អូនប្រជាពលរដ្ឋក្នុងន័យពង្រីកសក្តានុពលកសិកម្មបែបទំនើប និងទទួលបាននូវផលចំណេញច្រើនដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ៕
ចែករំលែកព័តមាននេះ