រាធានីភ្នំពេញ៖ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋលើកទី១ នឹងប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ នៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មនៅកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០១ ខែតុលានេះ បានឱ្យដឹងថានៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងនឹងរៀបចំ ” មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ ” ដែលរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្នាដៃដែលមានគុណភាព ភាពច្នៃប្រតិដ្ឋ និងជំរុញឱ្យមានការបង្កើតថ្មី ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលសិប្បកម្មខ្មែរ ជាពិសេសចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ។
បើតាមក្រសួង, ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យប្រកួតប្រជែងស្នាដៃ ត្រូវធ្វើតាមលក្ខខណ្ឌដូចជា៖ ពាក្យស្នើសុំចូលរួមប្រកួតប្រជែង រួមជាមួយស្នាដៃ, ត្រូវរចនាវត្ថុ ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃឱ្យបានចំនួន១ និងភ្ជាប់សេចក្តីពន្យល់អត្ថន័យ១ច្បាប់, ស្នាដៃប្រឡងត្រូវរចនាឱ្យចេញជារូបរាងច្នៃពីវត្ថុធាត់ដើមចំនួន៣ គឺក្រណាត់ ឬអំបោះ ស្បៃ និងរុក្ខជាតិ បង្ហាញឱ្យឃើញពីទំនៀមទម្លាប់ប្រពៃណី បង្កប់អត្តសញ្ញាណសិល្បៈខ្មែរអមដោយគំនិតច្នៃប្រតិដ្ឋខ្ពស់, ជានិស្សិតកំពុងសិក្សាជំនាញសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម, ផ្នែករចនា, ស្ថាបត្យកម្ម ។ល។ចំពោះសិល្បករ សិប្បករ អង្គការ សមាគម សហគមន៍នានា ដែលចង់តាំងបង្ហាញស្នាដៃរបស់ខ្លួន ត្រូវជ្រើសរើសយកស្នាដៃចំនួន៥ ដែលច្នៃប្រតិដ្ឋថ្មី ហើយប្លែកពីស្នាដៃមុនៗ។
ចំណែកបេក្ខជនដែលទទួលបានជ័យលាភីលេខ១ ដល់លេខ៣ នឹងទទួលបានថវិកាអមដោយបណ្ណជ័យលាភីដែលប្រគល់ដោយក្រសួងវប្បធម៌។ រីឯ បេក្ខជនដែលមិនទទួលបានជ័យលាភី គឺទទួលបានបណ្ណសរសើរផងដែរ។
ឈប់ទទួលពាក្យនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ