ខេត្តពោធិ៍សាត់ ៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ បានឡើងដល់កម្រិតប្រកាសអាសន្នហើយ ហើយអាជ្ញាធរខេត្តនិងមន្ទីរធនធានទឹកនិងឧតុនិយមបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពក្នុងស្មារតីមិនធ្វេសប្រហែសនោះឡើយ ។

លោក គិត ផល ប្រធានស្ដីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រាប់កោះសន្តិភាពឲ្យដឹងថា នៅថ្ងៃត្រង់ទី០១ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកតាមអាងស្តុក និងស្ថានីយវាស់កម្ពស់ទឹក មានដូចជា៖ ទំនប់ទី៥ រយៈកម្ពស់ធៀបនីវ៉ូទឹកសមុទ្រ ៥៣,៥០ម៉ែត្រ (ត្រូវនឹងកម្ពស់ទឹកជាក់ស្ដែង១០,៣០ម៉ែត្រ ដែលកម្ពស់ទឹកប្រុងប្រយ័ត្ន១១ម៉ែត្រ)។
ទំនប់ទី៣ រយៈកម្ពស់ធៀបនីវ៉ូទឹកសមុទ្រ ៣៧,៥៥ម៉ែត្រ (ត្រូវនឹងកម្ពស់ទឹកជាក់ស្ដែង ១៩,៥៥ម៉ែត្រ ដែលកម្ពស់ទឹកប្រុងប្រយ័ត្ន ២១ម៉ែត្រ។ ស្ថានីយ៍វាស់កម្ពស់ទឹកវាលវែង កម្ពស់ទឹកមាន ១,៧០ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ៍ត្ន ៩ម៉ែត្រ)។ ស្ថានីយ៍វាស់កម្ពស់ទឹកបាក់ត្រកួន កម្ពស់ទឹកមាន២ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៦ម៉ែត្រ)។ ស្ថានីយ៍វាស់កម្ពស់ទឹកក្បាលហុង កម្ពស់ទឹកមាន ៥,០៤ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយត្ន៥ម៉ែត្រ)។ ស្ថានីយ៍វាស់កម្ពស់ទឹកចារឹក កម្ពស់ទឹកមាន៦,២៤ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៦ម៉ែត្រ)។

លោក គិត ផល ឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ២០២៥ ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាព ពី២៤អង្សាសេទៅ៣១អង្សាសេ ។ ខ្យល់ប្រែប្រួលទិស មានល្បឿនពី១ទៅ៤ម៉ែត្រក្នុង១វិនាទី មានផ្គរ ភ្លៀង រន្ទះ ពីតិចទៅច្រើន ភវនីយភាព៨០% ។ លោកបន្តទៀតថា បើភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំក្រវ៉ាញ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់នឹងមានការកើនឡើងបន្តទៀត ។

សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ តាំងពីម៉ោង៦ព្រឹកមក ទឹកបានហក់ឡើងស្រឺតៗពេញប្រៀបក្នុងស្ទឹងពោធិ៍សាត់ ហៀរលើថ្នល់នៅខាងមុខសាលាខេត្ត ប៉ុន្តែមិនហៀរចូលក្នុងកោះសំពៅមាសនោះទេ ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយស្ទឹង ងាយរងគ្រោះ ពិសេសមនុស្សចាស់ជរា និងកូនក្មេងតូចៗ ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានត្រៀមកម្លាំងសរុបមធ្យោបាយសរុបក្នុងការជួយអន្តរាគមន៍និងសង្គ្រោះ ឲ្យបានទាន់ពេលវេលាផងដែរ ៕
ចែករំលែកព័តមាននេះ